Thursday, May 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារអតីតសណ្ឋាគារអង្គរមានជ័យសភាពចាស់ទ្រុឌទ្រោមខ្លាំង ក្រសួងរៀបចំដែនដី ស្នើឱ្យពលរដ្ឋ៤គ្រួសារកំពុងរស់នៅលើអគារនេះ ចាកចេញជាបន្ទាន់ ដើម្បីសុវត្ថិភាព

ភ្នំពេញ៖ អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម មានអាយុ ៧៥ឆ្នាំ និងមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្លុំសំណង់នោះ ត្រូវបាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានស្នើឱ្យពលរដ្ឋ៤គ្រួសារដែលសេសសល់ កំពុងរស់នៅអគារនេះ ចាកចេញពីអគារជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាព ។

បើតាមខ្លឹមសារក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ ៧៥ឆ្នាំហើយ។ អគារនេះមានក្រឡាផ្ទៃបាតទំហំ សរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ៦១គ្រួសារ ស្មើនឹង ៩៤% បានទទួលយកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួង ដ.ន.ស. ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់។

ផ្នែកតាមលទ្ធផលនៃការចុះត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាពនិងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពីសោធន៍លើសម្ភារៈសំណង់អគារនេះរបស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងរៀបចំដែនដី បានពិនិត្យឃើញថា សំណង់អគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្លុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹង បង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ក្នុងន័យនេះ ផ្នែកតាមច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ការបាត់បង់ ទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយសារសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមធ្វើការណែនាំដូចខាងក្រោម៖

១) សូមបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវបញ្ឈប់ការរស់នៅនិងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ ក្រុមការងារក្រសួង ដ.ន.ស. នឹងបន្តសម្របសម្រួលដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលនៅសល់ចុងក្រោយ ចំនួន ៤គ្រួសារ

២) រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ជាអាទិ៍ ហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

៣) ក្រសួង ដ.ន. ស. នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយ ចំនួន ៤គ្រួសារ ខាងលើ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×