Sunday, May 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់សកម្ម ក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៦៖២៣នាទី មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីស្រ្តីជនជាតិចិនម្នាក់ កំពុងដើរចុចទូរស័ព្ទបានសម្រេចនៅត្រង់ចំណុចមុខអគារយៀកថៃ ផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌ ,កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកការស្រាវជ្រាវតាមជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

នៅថ្ងៃដដែល វេលាម៉ោង១៦៖២២នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅចំណុចផ្ទះសំណាក់បឹងកក់រីករាយ ផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ទៀត ត្រង់ចំណុចផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យទាំង៤នាក់ខាងលើមានឈ្មោះ៖

*១៖ ឈ្មោះ ធំ កោង ហៅ ធ្មេញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលឡាន ទីកន្លែងស្នាក់នៅមិនពិតប្រាកដ
*២៖ ឈ្មោះ សៀង កាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវបេតុងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
*៣៖ ឈ្មោះ សោភ័ណ សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវបេតុងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
*៤៖ ឈ្មោះ ពេជ្រ ដារ៉ា ហៅហាំ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ភារដកហូតបាន ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ខ្មៅ បិទតែមពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JI-4131 និងម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស ផលិតឆ្នាំ២០២៥ គ្មានស្លាកលេខ។

បន្ទាប់ពីសាកសួរជនសង្ស័យទាំង៤នាក់ខាងលើរួច ពួកគេបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីស្រ្តីជនជាតិចិនម្នាក់កំពុងដើរចុចទូរស័ព្ទ នៅម្តុំមាត់ទន្លេ ខណ្ឌដូនពេញ ពិតប្រាកដមែន។ ចំណែកទូរស័ព្ទដែលជនសង្ស័យទាំង៤ខាងលើឆក់បាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជូនឲ្យអ្នកតំណាងរបស់ជនរងគ្រោះវិញ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×