នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay ) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភាជាតិទីម័រឡេស្តេ ទីក្រុងឌីលី។
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវការស្វាគមន៏យ៉ាងកក់ក្តៅវត្តមានសម្តេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ។ លោកជំទាវមានប្រសាសន៍ថាដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាង កម្ពុជា និងទីម័រឡេស្តេ នាពេលបច្ចុប្បន្ន ក៏ដូចជាការពង្រីកទំនាក់ទំនងនៅពេលខាងមុខ។ នៅក្នុងឱកាសនោះលោកជំទាវបង្ហាញនូវក្តីដឹងគុណចំពោះការចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្ររបស់កម្ពុជា និងភាពសកម្មរបស់សម្តេចតេជោ ក្នុងការជួយជ្រោមជ្រែងទីម័រ ជាសមាជិកអង្កេតការណ៏របស់អាស៊ាន កាលពីឆ្នាំ២០២២ ហើយតួអង្គសម្តេចតេជោ បានបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ដើម្បីអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។ នៅក្នុងឱកាសនោះ លោកជំទាវក៏បាននឹងគុណកម្ពុជា នាពេលកន្លងទៅ ដែលបានជួយដល់ទីម័រឡេស្តេ ក្នុងបរិបទកូវីដ១៩ ដែលបានជួយផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ដល់ទីម័រឡេស្តេ ក្នុងភាពដ៏លំបាកនោះ។ លោកជំទាវ ចងចាំនូវគុណូបការៈទាំងអស់មិនអាចបំភ្លេចបានសម្រាប់លោកជំទាវផ្ទាល់ ក៏ដូចជាប្រជាជនទីម័រឡេស្តេ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកជំទាវ ចំពោះការធ្វើបដិសណ្ឋារកិច្ច និងស្វាគមន៏សម្តេចតេជោ និងគណៈប្រតិភូមកកាន់វិមានរដ្ឋសភា។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេច នឹងមានបាឋកថា ដែលនឹងថ្លែងអំពីបទពិសោធន៏របស់កម្ពុជា ក្នុងកិច្ចប្រជុំពិសេសពេញអង្គនៃសភាទីម័រឡេស្តេ ហើយបាឋកថានោះ នឹងរំលេចពីបទពិសោធន៏របស់កម្ពុជា មុនចូលអាស៊ាន ការជាសមាជិកអាស៊ាន និងទស្សនរសប់សម្តេចតេជោ ជុំវិញអាស៊ាន និងពិភពលោក។ សម្តេចតេជោ បានរំលេចពីទំនាក់ទំនងរវាងសម្តេចតេជោ ជាមួយទីម័រឡេស្តេ ដែលមកដល់ពេលនេះ ក្លាយជាទំនាក់ទំនងដ៏រឹងមាំ។ សម្តេចតេជោ ក៏បានជម្រាបទៅប្រធានសភាទីម័រឡេស្តេឱ្យបន្តគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរ ការភ្ជាប់ទំនាក់ទំនងបន្ថែមជាពិសេសការពង្រីកនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៏ និងការវិនិយោគជាមួយគ្នាបន្ថែមទៀត ឱ្យបានកាន់តែល្អប្រសើរឡើង។ សម្តេចតេជោ បានរំលេចពីកិច្ចសហការគ្នា ក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដែលប្រទេសទាំងពីរ ត្រូវពង្រឹងបន្ថែមទៀត នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុកពីសម្តេចប្រធានរដ្ឋសភាកម្ពុជា ចំពោះលោកជំទាវប្រធានសភាទីម័រឡេស្តេ ហើយសម្តេចក៏បានជម្រាបលោកជំទាវថា ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញលោកជំទាវមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលសមស្របណាមួយ។
ជាការឆ្លើយតបប្រធានសភាទីម័រឡេស្តេបាន សំដែងនូវក្តីរីករាយ ចំពោះការលើកឡើងរបស់សម្តេចតេជោ ពិសេសការបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកទំនាក់ទំនងប្រទេសទាំងពីរ។ លោកជំទាវបានជម្រាបជូនសម្តេចតេជោថា នៅពេលសមស្របណាមួយ នឹងទៅបំពេញទស្សនកិច្ចកម្ពុជា ពិសេសមុនផុតអាណត្តិរបស់លោកជំទាវ ដែលលោកជំទាវចង់ឃើញប្រទេសកម្ពុជានៅពេលខាងមុខ។ លោកជំទាវបានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយផ្តល់អាហារូបករណ៏ដល់និស្សិតទីម័រឡេស្តេបន្តការសិក្សានៅកម្ពុជានាពេលកន្លងមក ដែលជា ផ្នែកមួយនៃការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រ។ សម្តេចតេជោ ក៏បានឆ្លើយតបថា សង្ឃឹមថានៅពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចពង្រីកការផ្តល់អាហារូបករណ៏បន្ថែមទៀត ដល់ទីម័រ ដើម្បីជាការរួមចំណែក ដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រផងដែរ។ នៅចុងក្រោយនៃជំនួបភាគីទាំងពីរបានបញ្ចប់ទៅដោយក្តីរីករាយ និងភាពស្និទ្ធស្នាលជាមួយគ្នាបំផុត។
បន្ទាប់ពីជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបន្តធ្វើបទឧទ្ទេសនាមនៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាទីម័រឡេស្តេ ដែលជាបាឋកថាកម្រមាន នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ។ អ្វីដែលជាការកត់សម្គាល់ តំណាងបក្សនយោបាយចំនួន៥ នៅទីម័រឡេស្តេ បានឡើងបង្ហាញចំណាប់អារម្មណ៏រៀងខ្លួន ដោយក្នុងចំណោមតំណាងបក្ស នយោបាយទាំង៥នៅក្នុងរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវការស្វាគមន៏យ៉ាងកក់ ក្តៅចំពោះវត្តមានរបស់សម្តេចតេជោ និងគណៈប្រតិភូ ដោយបានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងប្រតិភូនៅពេលនេះ ជាការផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម ដល់ទីម័រឡេស្តេ។ បន្ថែមពីលើនេះ បណ្តាសមាជិកនៃបណ្តាបក្សនយោបាយទាំងនោះ បានបង្ហាញនូវការលើកឡើងដូចគ្នានូវការអរគុណ និងដឹងគុណចំពោះសម្តេចតេជោ ដែលបានជួយជ្រោមជ្រែងទីម័រឡេស្តេគ្រប់កាលៈទេសៈ ជាពិសេសការជ្រោមជ្រែងទីម័រឡេស្តេ ឱ្យបានចូលជាអ្នកសង្កេតការណ៏អាស៊ាន និងជួយជ្រោមជ្រែងឱ្យទីម័រឡេស្តេអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។ តំណាងគណបក្សនយោបាយទាំង៥ បានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅពេលនេះ ជាទស្សនកិច្ចប្រវត្តិសាស្ត្រសម្រាប់ទីម័រឡេស្តេ ហើយសង្ឃឹមថាប្រទេសទំាងពីរ នឹងបន្តពូនជ្រុំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។
ក្នុងបទឧទ្ទេសនាម នាកិច្ចប្រជុំពេញអង្គរដ្ឋសភាពិសេស សម្តេចតេជោ បានរំលេចនូវចំណុចសំខាន់ចំនួន៣ ក្នុងនោះទី១៖ ទំនាក់ទំនងកម្ពុជា ទីម័រឡេស្តេ ចាប់តាំងពីការបង្កើតទំនាក់ទំនងនៅ ខែកក្កដា ឆ្នាំ២០០២មក។ ទី២. បទពិសោធន៏របស់កម្ពុជា ចូលជាសមាជិកអាស៊ាន៖ សម្តេចតេជោ បានរៀបរាប់ពីបទពិសោធន៏ ដើម្បីឱ្យសមាជិកសភាទីម័រឡេស្តេ និងអ្នកចូលរួមបានដឹងពីបទពិសោធន៏របស់កម្ពុជា ដែលទំរាំបានចូលជាសមាជិកអាស៊ាន និងបញ្ជាក់ពីគោលដៅដែលកម្ពុជាចូលជាសមាជិកអាស៊ានចំនួន៤៖ គឺទី១. អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមាជិកដទៃទៀត ទី២. ការសម្រេចដោយកុងសង់ស៊ីស មិនថាប្រទេសតូច រឺប្រទេសធំ ដោយស្មើភាពគ្នា ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ចនៅពេលចូលជាសមាជិកអាស៊ាន ទី៤. ច្រកទ្វារនៃកាលានុវត្តភាពការទូត ជាច្រកនៃការពង្រីកការទូតរបស់កម្ពុជា ដោយភ្ជាប់ទំនាក់ទំនង តាមរយៈយន្តការអាស៊ាន។ ជាចុងក្រោយសម្តេចតេជោ បានរំលេចពីតួនាទីរបស់អាស៊ាន ជាពិសេស អាស៊ាន និងពិភពលោក ដែលជួយពង្រីកសក្តានុពលអាស៊ានបន្ថែមទៀត ស្របពេលដែលអង្គការអន្តរជាតិមួយចំនួនកំពុងតែ ចុះខ្សោយនូវឥទ្ធិពលនៅក្នុងកាលៈទេសៈបច្ចុប្បន្ន។រក្សាសិទ្ធដោយ៖សុទ្ធលី









