អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារបណ្ដោះអាសន្ន ចំពោះមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំណុះអគ្គស្នងការនគរបាលជាតិ ២នាក់ ដើម្បីបើកផ្លូវឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់ ។
ក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ។
ប្រការ១៖
ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកផ្លូវឱ្យតុលាការបន្តនីតិវិធី តាមផ្លូវច្បាប់ ដូចមានឈ្មោះខាងក្រោម៖
១- វរសេនីយ៍ទោ ផាង ប៉ែត អត្តលេខ ៦៧៤០២ អធិការ
២- វរសេនីយ៍ត្រី អ៊ិត សឿង អត្តលេខ ៥៧០០៩ អធិការរង ។
ប្រការ២៖
សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រហូតដល់មានការសម្រេចជាថ្មី។
ប្រកា៣៖
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តរតនគិរី ប្រធាននាយកដ្ឋានបុគ្គលិក មន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



