Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន តេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន តេជោសន្តិភាព និងសមិទ្ធផលនានា​ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង៧.៥ម៉ែត្រ បណ្តោយប្រវែង៣៦ម៉ែត្រ កម្ពស់៥ជាន់ មានចំនួន៣០បន្ទប់ ដោយក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់ ៣ថ្នាក់ ចំនួន២ សម្រាប់និស្សិតអាចស្នាក់នៅបានចំនួន៦នាក់ ដោយសរុបជារួមអាចឱ្យនិស្សិតស្នាក់នៅបានចំនួន១៨០នាក់ ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការនិងសាសនា ដែលបានចូលរួមចំណែកក្នុងបេសកកម្មអប់រំ មនុស្សធម៌ និងការផ្សព្វផ្សាយ ចូលរួមជំរុញលើកកម្ពស់ធនធានមនុស្សតាមរយៈការអប់រំដោយយកចិត្តទុកដាក់ទាំងបព្វជិត និងគ្រហស្ថ ដោយមិនប្រកាន់និន្នាការនយោបាយ ការរើសអើង និងជំនឿសាសនា ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្វផលដែលសម្ពោធនាព្រឹកថ្ងៃនេះ មិនត្រឹមជាមនុញ្ញផលកើតចេញពីសុខសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញឱ្យឃើញនូវការសាមគ្គី និងកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ។សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ សុខសន្តិភាពនៅតែ​ជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដែលនាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសរសើរព្រះសង្ឃដែលបានជ្រើសយកបណ្តាញសង្គម ទេសនាអប់រំចិត្ត ក្នុងនោះសូម្បីភរិយាសម្តេចក៏ចូលចិត្តស្តាប់ដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយភាពអវិជ្ជមាន និងបញ្ចេញសារអប់រំល្អ ដើម្បីគ្រប់ដណ្តប់រឿងអវិជ្ជមានប្រកាន់សីលធម៌ គុណធម៌ និងការប្រើប្រាស់ច្បាប់អ្នកដើរហួសព្រំដែនច្បាប់។ រដ្ឋមិនចង់ប្រើច្បាប់ទេ ចង់ឱ្យមានការអប់រំគ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអគ្គា​ធិការ​ដ្ឋានពុទ្ធិកសិក្សាជាតិ ជាពិសេសពុទ្ធិកសាកលវិទ្យាល័យព្រះសីហ​មុនី​រាជា បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និង អភិ​វឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម​លើ​ចំណេះដឹងស្នូល និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថលស្របតាម​បរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និង សង្គមសកលភាវូប​នីយ​កម្ម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់​អគ្គាធិការ​ដ្ឋាន​ពុទ្ធិកសិក្សាជាតិ និង គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យ​ព្រះ​​សីហមុនីរាជា សាស្ត្រាចារ្យ ព្រមទាំងសមណនិស្សិត-និស្សិតឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍគុណភាព​អប់រំបណ្ដុះបណ្ដាល និងការកសាង «វប្បធម៌គុណភាព» និង ការផ្តល់តម្លៃលើ «ធម្មាធិបតេយ្យ» ដើម្បីធានាផលិតបាននូវធនធាន​មនុស្សដ៏មានតម្លៃ សម្រាប់សង្គមជាតិ ប្រកបដោយឧត្តមភាព, សមត្ថភាពវិជ្ជាជីវៈ, សីលធម៌ និងការទទួលខុសត្រូវ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពជូនសង្គមជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើសុំពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគុណភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និង ជំរុញសកម្មភាព​ស្រាវជ្រាវ ដើម្បីផ្ទេរចំណេះដឹងដល់យុវសមណនិស្សិត-និស្សិត, ជន​ជំនាន់ក្រោយ ប្រកបដោយគុណភាព, ជាពិសេសបន្តធ្វើទំនើបកម្មនៃកម្មវិធីអប់រំឱ្យស្របតាមស្តង់ដាក្របខ័ណ្ឌគុណវុឌ្ឍជាតិ និងស្តង់ដាអន្តរជាតិ ដើម្បីឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងចរន្តនៃការរីកចម្រើនជាប្រចាំនៃបច្ចេកវិទ្យា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យ បន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវ​បែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់​ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍, ជាក់ស្តែងដើម្បីរួមចំណែកដល់ការប្រែក្លាយ​ទ្រឹស្តី ដែលបានសិក្សាក្នុងថ្នាក់រៀនទៅជាការអនុវត្តជាក់ស្ដែងនៅក្នុងជីវិតប្រចាំថ្ងៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×