Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ គឺស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ

បើតាមលទ្ធផលព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្នុងឆ្នាំ២០២៥នេះដែលព្រាហ្មណ៍ព្រះរាជគ្រូប្រចាំព្រះបរមរាជវាំងបានប្រកាស គឺស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ តាមការបរិភោគរបស់គោឧសរាជ នៅក្នុងព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលពិធីប្រារព្ធនាព្រឹកទី១៥ ឧសភា នេះ ស្ថិតទីព្រះស្រែ នៅបរិវេណកីឡដ្ឋាន ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ការផ្សងប្រផ្នូលតាមរយៈ គោឧសភរាជ ឱ្យទៅបរិភោគសំណែនភោជន ៧ មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង ទឹក ។ តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ គោឧសភរាជបានបរិភោគ ស្រូវ ៩៥ភាគរយ ពោត៩៥ភាគរយ និង សណ្តែក៨០ភាគរយ ការណ៍នេះ បានបង្ហាញថា ស្រូវ ពោត និងសណ្ដែក របស់ប្រជាកសិករនៅឆ្នាំនេះនឹងទទួលបានទិន្នផលល្អ ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលទៅតាមការបរិភោគរបស់ គោឧសភរាជ ក៏ដូចជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មឱ្យបានដឹងថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ ។ ព្រះរាជប្បវេណី ដ៏សំខាន់នេះ ជាវប្បមង្គលមួយដ៏ប្រសើររបស់ ប្រជាពលរដ្ឋកម្ពុជា ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងតែ ស្តេចយាងជាព្រះរាជាធិបតីភាពដឹកនាំធ្វើតាំងពីបុរា ណកាលរៀងមក ដើម្បីផ្សងមើលប្រផ្នូល និងសុំសេចក្តីសុខចម្រើនជូនដល់ប្រជានុសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ។

សូមឲ្យក្នុងឆ្នាំនេះទិន្នផលស្រូវ ពោត សណ្ដែកដែលប្រជាកសិករក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលបានដាំដុះសូមឱ្យល្អទទួលបានទិន្នផលខ្ពស់ និងចៀសវាងពីជំងឺផ្សេងៗព្រមទាំងមានទីផ្សាល្អ សូមព្រះរាជាណាចក្រកម្ពុជាបានសេចក្តីសុខសប្បាយ ត្រជាក់ត្រជុំក្រោមម្លប់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាដរាបតរៀងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×