ភ្នំពេញ ៖ ឯកឧត្តមជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្រ្តីនគរបាលឈ្មោះ ហ៊ុន ហេង ត្រូវបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជាដោយបណ្ដេញចេញពីក្របខ័ណ្ឌ។
ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី១៥ ឧសភា មុខក្រសួងមហាផ្ទៃ បណ្តាលមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិត១រូប បង្កឡើងដោយមន្ត្រីនគរបាល រាជធានី ឈ្មោះ ហ៊ុន ហេង ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទីសៅរ៍នេះថា “ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឲមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាលរាជធានីម្នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស” ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា “សូមជំរាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឲ្យជំនាញ និងមូលដ្ឋាន ចុះដល់កន្លែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ក(វាស់ជាតិអាល់កុល) សង្រ្គោះ អ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់ ។
សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។
ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៍ នូវបទពិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខ័ណ្ឌផងដែរ។
សូមមហាជនជូនជ្រាបជាព័ត៌មាននិងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ ជាដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)”។
អ្នកបើកឡានបុករះមុខក្រសួងមហាផ្ទៃ ជាប៉ូលិសស័ក្តិ៥ តួនាទីជាប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វរៈសេនីយ៍ឯក ហ៊ុន ហេង ។
សូមបញ្ជាក់ថា:កាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង១៣និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តLEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។
រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានជាច្រើនគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ។
ហេតុការណ៍នេះបង្កឲ្យមានមនុស្សស្លាប់០១នាក់រងរបួសធ្ងន់០២នាក់ និងរងរបួសស្រាល០៣ស្រាល។
មូលហេតុគ្រោះថ្នាក់គឺ ៖ អ្នកបើកបររថយន្តLEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕ រក្សាសិទ្ធដោយ៖សុទ្ធលី







