Thursday, May 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Aurelius Healthcare មានបំណងពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

នាល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

នៅក្នុងឱកាសនៃជំនួប, លោកនាយកគ្រប់គ្រងក្រុមហ៊ុនបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម។ លោកនាយកគ្រប់គ្រង ក៏បានគោរពជម្រាបជូន សម្តេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលរួមមានការបើកមន្ទីរពេទ្យធំៗនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើន រួមមានដូចជា៖ ម៉ាឡេស៊ី, វៀតណាម និងថៃ​ ជាដើម។ លោកបានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន STSK Investment Group នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន Aurelius Healthcare មានចក្ខុវិស័យពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ទេរជំនាញ, បទពិសោធន៍ និងការវិនិយោគលើមូលធនមនុស្សនៅតាមមន្ទីរពេទ្យនានានៅកម្ពុជា។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានស្វាគមន៍លោកនាយកគ្រប់គ្រងក្រុមហ៊ុន និងសហការី ព្រមទាំងបានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ការចាប់អារម្មណ៍​វិនិយោគលេីវិស័យសុខាភិបាល​របស់ក្រុម​ហ៊ុន​ គឺស្របទៅនឹង​គោលនយោបាយ​អាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជា​។ រាជរដ្ឋាភិបាល​បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងពង្រឹងមូលដ្ឋានសុខាភិបាល នៅថ្នាក់មូលដ្ឋានតាមរយៈការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែក និងការបង្កើតមន្ទីរពេទ្យតំបន់ចំនួនពីរ គឺនៅខេត្តសៀមរាប និងខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព, ទំនុកចិត្ត និងសុវត្ថិភាព និងបានបង្កើតប្រព័ន្ធធានារ៉ាប់រងផ្នែកថែទាំសុខភាពជូនប្រជាពលរដ្ឋផងដែរ។ សម្តេចបវរធិបតី បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពង្រឹងកិច្ចសហការជាមួយដៃគូនៅកម្ពុជា សំដៅរួមចំណែកផ្តល់សេវាសុខភាព​ និងព្យាបាលជូនប្រជាពលរដ្ឋនៅ​ក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×