Thursday, May 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ទៀ សីហា ប្រកាសបិទជាផ្លូវការសមយុទ្ធនាគមាស ២០២៥ កងទ័ពកម្ពុជានិងចិន

កំពង់ឆ្នាំង៖ សមយុទ្ធនាគមាស ឆ្នាំ២០២៥ ត្រូវបានប្រារព្ធពិធីបិទជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធនាគមាសក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» សមយុទ្ធនាគមាសលើកនេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ សមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ ចំនួនយោធិន, យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ សមយុទ្ធនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួលកិច្ចសហការចម្រុះ និងបន្តនិរន្តរភាពក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ និងលើកកម្ពស់សមត្ថភាព លទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការងារមនុស្សធម៌។ សមយុទ្ធនេះ ក៏នឹងផ្ដល់សារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពប្រទេសទាំងពីរ ការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្ដូរបទពិសោធន៍ ការបង្កើនការយល់ដឹងពីការបញ្ញាចម្រុះ នីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×