ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ខ្ញុំបានជួបជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ ក្នុងនោះមានការដាក់ចុះនូវវិធានការទាក់ទងនឹងវិស័យព័ត៌មាននិងសោតទស្សន៍៖
១-ក្រសួងព័ត៌មាន បានបញ្ជាឱ្យស្ថានីយទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សាយរឿងភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីម៉ោង ១២ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥,
២-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈណែនាំឱ្យក្រុមហ៊ុនចែកចាយភាពយន្តនិងរោងភាពយន្តទាំងអស់បញ្ឈប់ការនាំចូលនិងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងៗចាប់ពីម៉ោង១២ ថ្ងៃទី១៣ ខែមិថុនា
៣-សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានណែនាំឱ្យម្ចាស់ស្ថានីយទូរទស្សន៍និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខេមិថុនា ឆ្នាំ២០២៥
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រាសូមបញ្ជាក់ថា ការចាក់ផ្សាយរឿងភាពយន្តថៃក៏ត្រូវបានហាមឃាតនៅលើអនឡាញគ្រប់ទម្រង់ និងស្ថានីយទូរទស្សន៍ថៃដែលមានចាក់រឿងភាពយន្តថៃនៅក្នុងបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ និងតាមផ្កាយរណបក៏ត្រូវបិទផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









