Sunday, June 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរខួបលើកទី៦៣ឆ្នាំ កម្ពុជាឈ្នះក្ដីប្រាសាទព្រះវិហារ(១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៥)

ភ្នំពេញ ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គឺជាខួបលើកទី៦៣ ដែលកម្ពុជាបានឈ្នះក្ដីលើសំណុំ រឿងប្រាសាទព្រះវិហារ ។
ប្រាសាទព្រះវិហារត្រូវបានតុលាការយុត្តិធម៌អន្ដរជាតិ(ICJ) ទីក្រុងឡាអេប្រទេសហូឡង់បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក៏ជាពេលវេលា ដែលកម្ពុជាសម្រេចបញ្ជូនសំណុំរឿង ប្រាសាទតាមានធំ តាមាន់តូច តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ជាផ្លូវការផងដែរ ក្រោយរងការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃ។

តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃអាទិត្យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេច និងប្រកាសជាផ្លូវការថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដី និងស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា មិនមែនថៃឡើយ។

កម្ពុជាក្នុងនាមជាអារ្យប្រទេស តែងតែរក្សាបាននូវភាពថ្លៃថ្នូរ ភាពត្រឹមត្រូវ សុច្ចរិត ស្មោះត្រង់ ហើយតែងតែប្រើប្រាស់យន្តការច្បាប់ជាគោលក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដោយសន្តិវិធី ដើម្បីរក្សាបាននូវសុខសន្តិភាព និងសេចក្តីសុខជូនប្រជាជនយើង។

សូមបងប្អូនមហាក្រុមគ្រួសារខ្មែរ ចងចាំថា យើងទាំងអស់គ្នាគឺជា «ខឿនការពារជាតិប្រជាជន» ដ៏រឹងមាំ ដែលឈរជើងនៅសមរភូមិក្រោយ។ សូមយើងទាំងអស់គ្នាត្រៀមខ្លួនគ្រប់ពេលវេលា សាមគ្គីគ្នា ឯកភាពគ្នា រួមចិត្ត រួមកម្លាំងគ្នាគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំង ដែលកំពុងឈរជើងនៅជួរមុខ ប្រកបដោយឆន្ទៈ ទឹកចិត្ត និងក្តីស្រឡាញ់។ មានតែខ្មែររួបរួម ទើបខ្មែរខ្លាំង។

ខួបលើកទី៦៣ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៥) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យកម្ពុជា ឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ ការទទួលបានគ្រប់គ្រងប្រាសាទព្រះវិហារដ៏ពិសិដ្ឋនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលកូនចៅខ្មែរបានចងចាំ និងដឹងគុណជានិច្ច នូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់កម្ពុជា បានចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។

តុលាការយុត្តិធម៌អន្តរជាតិ (១៥ មិថុនា ១៩៦២) បានបើកសវនាការលើសំណុំរឿងប្រាសាទព្រះវិហារ (ប្រាសាទព្រះវិហារ) រវាងកម្ពុជា និងថៃ។ ដំណើរការនីតិវិធីត្រូវបានបង្កើតឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ តាមពាក្យស្នើសុំរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសាលដីកានៅថ្ងៃនោះ តុលាការដោយសំឡេងប្រាំបួនទល់នឹងបី បានរកឃើញថាប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយជាលទ្ធផល ថៃត្រូវមានកាតព្វកិច្ចដកកងកម្លាំងយោធា ឬប៉ូលីស ឬឆ្មាំ ឬអ្នកយាមផ្សេងទៀត ដែលឈរជើងនៅប្រាសាទ ឬក្នុងទីតាំងប្រាសាទ។ ដោយសំឡេងប្រាំពីរទល់នឹងប្រាំ តុលាការបានរកឃើញថាប្រទេសថៃ ស្ថិតនៅក្រោមកាតព្វកិច្ចប្រគល់នូវរូបចម្លាក់ ចម្លាក់ថ្ម បំណែកនៃវិមាន គំរូថ្មភក់ និងគ្រឿងស្មូនបុរាណ មកកម្ពុជាវិញ ដែលប្រហែលជាចាប់តាំងពីកាលបរិច្ឆេទនៃការកាន់កាប់ប្រាសាទដោយប្រទេសថៃក្នុងឆ្នាំ១៩៥៤ ដែលបានដកចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរថៃ។

គួរឱ្យដឹងថា សំណង់ប្រាសាទព្រះវិហារ ត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរដ្ឋកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ ប្រាសាទព្រះវិហារ កសាងឡើងសម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍ ដែលប្រាសាទព្រះវិហារនេះត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១៕រក្សាសិទ្ធដោយ៖សុទ្ធលី

×