ខេត្តកោះកុង ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រោយយពីបានទទួលបណ្តឹងពីជនរងគ្រោះរួច កម្លាំងការិយាល័យជំនាញ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា និងស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយលោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកោះកុង បានចុះបង្ក្រាបករណីលួច(ម៉ូតូ) និងទទួលផលចោរកម្មចំនួន ០១លើក នៅចំណុចភូមិស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចម៉ូតូចំនួន ០១គ្រឿង (ម៉ាកវេវ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ)នៅចំណុចមុខហាងម៉ាស្សាយីហោ យ៉ាងស្ស៊ីន ស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជារបស់ជនរងគ្រោះឈ្មោះ ថាត ស្រីនិចភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សាយីហោយ៉ាងស្ស៊ីន ទីលំនៅបច្ចុប្បន្នភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់។
វត្ថុតាងដកហូតរួមមាន៖ ១/- ម៉ូតូសរុបចំនួន ០៥គ្រឿង ក្នុងនោះ ម៉ាក HONDA WAVE ចំនួន ០៤គ្រឿង (ស្ថានភាពល្អ ០២គ្រឿង និងស្ថានភាពដោះបំបែក ០២គ្រឿង) , ម៉ាក HONDA C125 ចំនួន ០១គ្រឿង (ស្ថានភាពល្អ) ២/. ទូរសព្ទដៃចំនួន ០២ គ្រឿង (ម៉ាកAICAMERA ចំនួន០១គ្រឿង , ម៉ាកIphone ចំនួន ០១គ្រឿង) និងគ្រឿងបំបែកម៉ូតូមួយចំនួនធំ អនុវត្តតាមនីតិវិធី។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថកោះកុង សូមប្រកាសស្វែងរកម្ចាស់ម៉ូតូដែលបាត់ម៉ូតូ សូមមកទំនាក់ទំនងយកម៉ូតូរបស់ខ្លួនត្រឡប់ទៅវិញ ដោយមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






