ភ្នំពេញ ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី ១៦ ខែមិថុនានេះ បានឆ្លើយតបការចោទប្រកាន់ពីភាគីយោធាថៃដែលអះអាងថា កងទ័ពកម្ពុជា បានបង្វែរកាណុងកាំភ្លើងទៅទិសភូមិដ្ឋាន និងបន្ទាយរបស់កងទ័ពថៃ។
ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា៖ “នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា។ ពេលយើងបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី។ ច្បាស់ណាស់ គោលដៅគឺទម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។”
ឯកឧត្តមបន្តថា៖ ឧទ្ធរណ៍ជាសំណួរថា៖ “ឬមួយកងទ័ពថៃ រៀនយុទ្ធវិធីខុសពីកម្ពុជា?”
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា ជម្រើសសន្តិវិធីគឺត្រូវផ្អែកលើការចរចាររវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងវិស័យផ្សេងៗ។ ចំពោះផ្នែកយោធា គឺជាជម្រើសចុងក្រោយបំផុតតែប៉ុណ្ណោះ។
ឯកឧត្តមបន្ថែមថា៖ “យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ”៕រក្សាសិទ្ធដោយ៖សុទ្ធលី


