Tuesday, June 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ តាមបណ្ដឹងរបស់ជនរងគ្រោះ២នាក់ ។

ករណីលួចស្លាកលេខរថយន្ត កើតឡើងនៅយប់ថ្ងៃទី ០១ និងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងតំបន់ភូមិ៣ សង្កាត់លេខ១ និងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០៣នាក់ រួមមាន៖ ១. ZHANG DING DING ហៅ MENG HU, កើតឆ្នាំ១៩៨៦, ២. WEI YONGCHANG, កើតឆ្នាំ១៩៨១,៣. WEI GUOQIANG, កើតឆ្នាំ១៩៨៥ (ទាំងបី គ្មានលិខិតឆ្លងដែន ស្នាក់នៅសណ្ឋាគារ “ហឺលិ” ភូមិ៣ សង្កាត់លេខ៤) ។

វត្ថុតាងដកហូតបាន មាន៖ រថយន្ត PRIUS ពណ៌ទឹកប្រាក់ ស្លាកលេខ 2B-3312, អាវុធខ្លី ០១ដើម ម៉ាករ៉ូឡូ, ស្លាកលេខរថយន្ត ០៤សន្លឹក, កាំបិតស្នែត ០២ដើម និងសម្ភារៈផ្សេងៗ ។

ជនសង្ស័យទាំង ០៣នាក់ បានសារភាពថា៖ បានលួចស្លាកលេខចំនួន ០៣លើក ហើយយកទៅលក់ឲ្យជនមួយឈ្មោះ A PING តាមប្រព័ន្ធ Telegram ក្នុងតម្លៃស្លាកលេខ១សន្លឹក៖ $៤០០ ដុល្លារ ។ ចំពោះអាវុធខ្លី ដែលជាកម្មសិទ្ធិរបស់ WEI GUOQIANG បានពីជនឈ្មោះ A WANG (បច្ចុប្បន្នគេចខ្លួន) ។ ជនឈ្មោះ A PING និង A WANG បានរត់គេចខ្លួន ។

សម្ភារៈដែលបានដកហូតត្រូវបានប្រគល់ជូនម្ចាស់វិញតាមនីតិវិធី ។ ជនសង្ស័យទាំង ០៣នាក់ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×