Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ៖ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរដ្ឋបាលតុលាការគ្រប់រូប ត្រូវយកចិត្តទុកដាក់បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ

ស្វាយរៀង ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងពិធី​នេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងនៅតាមបណ្តារាជធានី-ខេត្ត គឺជាការចាំបាច់ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាបន្តបន្ទាប់នូវការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របពេលដែលមានការកើនឡើងជាលំដាប់នូវចំនួនសំណុំរឿងនៅតាមសាលាជម្រះក្តី។ លើសពីនេះ, ដោយមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំពីសំណាក់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជា រាជរដ្ឋាភិបាល នីតិកាលមុនៗ វិស័យយុត្តិធម៌បានដោះស្រាយជាបន្តបន្ទាប់នូវតម្រូវការចាំបាច់ក្នុងវិស័យយុត្តិធម៌ ពិសេស ការដោះស្រាយរកទីតាំងផ្ទាល់ខ្លួនរបស់សាលាជម្រះក្តី រហូតដល់ការសាងសង់អគារថ្មីៗនៃសាលាជម្រះក្តីនានាជាបន្តបន្ទាប់ ដែលអាចផ្តល់លទ្ធភាពឱ្យមន្រ្តីក្នុងវិស័យយុត្តិធម៌ អាចបំពេញមុខងាររបស់ខ្លួនកាន់តែមានភាពសកម្ម និង មានប្រសិទ្ធភាព ក៏ដូចជា លើកកម្ពស់នូវមុខមាត់នៃវិស័យយុត្តិធម៌ជារួមផងដែរ។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្ដាំផ្ញើ ជូនអង្គពិធីនូវចំណុចសំខាន់ៗមួយចំនួនផងដែរ ក្នុងនោះរួមមាន៖

១-ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរដ្ឋបាលតុលាការគ្រប់រូប ត្រូវយកចិត្តទុកដាក់បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលជាផ្នែកមួយដ៏សំខាន់នៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌។

២-ត្រូវបន្តចូលរួមអនុវត្តឱ្យបានកាន់តែសកម្ម និងស្វាហាប់បន្ថែមទៀត នូវយុទ្ធនាការទាំង ២ គឺ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ ដែលបានដាក់ចេញក្នុងក្របខ័ណ្ឌនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីឱ្យយុទ្ធនាការទាំង ២ នេះ ទទួលបានលទ្ធផលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និង

៣-ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ក្នុងការអនុវត្តការងាររបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន និងត្រូវប្រើប្រាស់សិទ្ធិអំណាច និងឆន្ទានុសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវ “ឧត្តមច្បាប់” និង “ឧត្តមគតិយុត្តិធម៌” ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ៕​រក្សាសិទ្ធដោយ៖សុទ្ធលី

×