Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាលចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីបន្តបុរសកម្ម និងពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សា ឆ្នាំ២០២៥

ភ្នំពេញ​ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងអំឡុងពេលរដូវវស្សានេះ ជំងឺគ្រុនឈាម មាននិន្នាការកើនឡើងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៥ និងអាចបន្តកើនជាបន្តបន្ទាប់ ដោយសារ មានកំណើនទឹកភ្លៀង ដែលបង្កឱ្យមានទឹកដក់នៅក្នុងវត្ថុដាក់ទឹក ដូចជា សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗ ត្រឡោកដូង កែវ ចានជ័រ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក» ព្រមទាំង អនុវត្តនូវវិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវនិងស្មារតីខ្ពស់ ដើម្បីការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ដូចខាងក្រោម៖

វិធានការទី១ ៖ ប្រសិនបើលោកអ្នកឬសមាជិកគ្រួសារ មានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី ៣៩ ទៅ ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងអំឡុង៤៨ម៉ោងយ៉ាងតិច និងសូម ទូរសព្ទមកលេខ ១១៥ បើមានសំណួរបន្ថែម ឬចូលរួមរាយការណ៍។

វិធានការទី២ ៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន សូមសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្រប ឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោក ដូង ចានបាយសម្លរជ័រ កំប៉ុងជ័រ ត្រូវកប់ ដុត កំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។

វិធានការទី៣ ៖ សូមម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ-កម្មការនីដែលកំពុងបំពេញការងារ នៅតាម ការដ្ឋានសំណង់ សម្អាតបរិវេណការដ្ឋានសំណង់របស់ខ្លួន លុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុក សម្ភារសំណង់ដែលអាចដក់ទឹកនៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីចៀសវាងការដក់ទឹក និងលុបបំបាត់ ប្រភពនិងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដល់ប្រជាជនដែលរស់នៅចម្ងាយ១៥០ម៉ែត្រ ជុំវិញ ការដ្ឋានសំណង់។

វិធានការទី៤ ៖ អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវធ្វើការគ្រប់គ្រងសំបកកង់ កង់ឡាន ម៉ូតូ ដែលដាក់ចោលក្រៅដំបូលបង្កើតជាកន្លែងដក់ទឹក ដោយដាក់គរ ត្រួតលើគ្នានិងគ្របឱ្យជិតដោយបន្ទះក្តារ ឬស្បៃមុង ឬចាក់ប្រេងម៉ាស៊ីនចាស់ៗ ឈប់ប្រើប្រាស់ចូល ឬចាក់ដី បំពេញ ឬដាក់នៅក្រោមដំបូល។

វិធានការទី៥ ៖ កាប់ឆ្ការ សម្អាតស្មៅស៊ុបទ្រុបជុំវិញផ្ទះឱ្យបានស្អាត។ រក្សាអនាម័យក្នុងផ្ទះសំបែង រៀបចំទុកដាក់សម្លៀកបំពាក់ឱ្យមានសណ្តាប់ធ្នាប់ បត់ទុកឱ្យបានត្រឹមត្រូវ មានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ ទ្វារនិងបង្អួចគួរមានសំណាញ់។ ត្រូវអនុវត្តវិធានការការពារខ្លួនតាមគ្រប់មធ្យោបាយ ដូចជា ស្លៀកពាក់ខោជើង វែងអាវដៃវែង និងស្រោមជើងធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (សម្លៀកបំពាក់គួរតែមាន ពណ៌ភ្លឺ កុំខៅ្ម ឬងងឹត) ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃពោះ អាចប្រើបាន ដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។សម្រាន្តក្នុងមុង រាល់ពេលសម្រាន្តនៅពេលយប់ និងថ្ងៃ។

វិធានការទី៦ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជម្រុញការអនុវត្តការងារកាត់បន្ថយ និងទប់ស្កាត់ការ កកើតមូស ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម៕ រក្សាសិទ្ធដោយ : សុទ្ធលី

×