Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រសួងផែនការ សហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវជាក់លាក់ ស្តីពីប្រជាជនដោយផ្អែកលើភស្តុតាង និងការគោរពសិទ្ធិបុគ្គលក្នុងការបង្កើតគ្រួសារនិងចំនួនកូន តាមបំណងប្រាថ្នា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦
ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមគោរពទូលថ្វាយ និងថ្លែងទៅកាន់ សម្តេចមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ថា ប្រជាជនកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយនឹងប្រជាជាតិទូទាំងពិភពលោក ប្រារព្ធ «ទិវា ប្រជាជនពិភពលោក លើកទី៣៦» ក្រោមប្រធានបទ «ការពង្រឹងភាពអង់អាចដល់ប្រជាជនវ័យក្មេង ក្នុងការ បង្កើតគ្រួសារដែលពួកគេប្រាថ្នាក្នុងពិភពលោកមួយដែលមានសមធម៌និងក្តីសង្ឃឹម (Empowering Young People to Create the Families They Desire in a Fair and Hopeful World)»។ អង្គការសហប្រជាជាតិ បានប្រារព្ធទិវា ប្រជាជនពិភពលោក លើកទី១ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៩០ ដើម្បីឆ្លើយតបទៅនឹងចំនួនប្រជាជនពិភពលោក ដែលបានឈានដល់៥ប៊ីលាននាក់នៅឆ្នាំ១៩៨៧ និងទទួលស្គាល់អំពីតម្រូវការបន្ទាន់ក្នុងការដោះស្រាយបញ្ហា ប្រជាជន រួមទាំងការភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនទៅនឹងបរិស្ថាននិងការអភិវឌ្ឍ។ ចាប់ពីពេលនោះមក អង្គការ សហប្រជាជាតិ តែងលើកទឹកចិត្តដល់បណ្តារដ្ឋសមាជិកទាំងអស់ ឱ្យប្រារព្ធទិវាប្រជាជនពិភពលោក ១១ កក្កដា រៀងរាល់ឆ្នាំ ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា។

ការរៀបចំពិធីអបអរសាទរទិវាប្រជាជនពិភពលោកនាថ្ងៃនេះ គឺមិនត្រឹមតែបង្ហាញអំពីការទទួលស្គាល់ វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដែលកម្ពុជាសម្រេចបានប៉ុណ្ណោះទេ ថែមទាំងស្វែងយល់ អំពីនិន្នាការ នៃបម្រែបម្រួលប្រជាសាស្ត្រ ជាពិសេសប្រជាជនវ័យក្មេងដែលមានចំនួនច្រើន ហើយពេលនេះ ប្រជាជនវ័យក្មេងកំពុងមានអនុភាពក្នុងការឆ្ពោះទៅរកការសម្រេចចិត្តនិងជម្រើសដោយខ្លួនឯង ក្នុងការបង្កើត គ្រួសារនិងអនាគតរបស់ខ្លួនប្រកបដោយភាពជឿជាក់និងដោយក្តីសង្ឃឹម។ ប្រជាជនវ័យក្មេង គឺជាកម្លាំងស្នូល សម្រាប់ជំរុញការអភិវឌ្ឍផង និងជាសសរស្តម្ភសម្រាប់ទ្រទ្រង់ការអភិវឌ្ឍផង។ សំខាន់ជាងនេះទៀត ប្រជាជនវ័យក្មេង ក៏ជាក្រុមមនុស្សដែលជាកត្តាកំណត់ ចំពោះការកើនឡើង ឬការថយចុះនៃអត្រាលទ្ធភាពមានកូនផងដែរ ពីព្រោះ ប្រជាជនវ័យក្មេងជាអ្នកសម្រេចចិត្តក្នុងការបង្កើតគ្រួសារនិងចំនួនកូនដែលចង់បាន។

សម្តេចបានថ្លែងថា នៅពេលដែលអត្រាលទ្ធភាពមានកូននៅទូទាំងពិភពលោក កំពុងថយចុះដល់កម្រិតទាបខ្លាំងនៅតាម តំបន់មួយចំនួននៃពិភពលោក អ្នកនយោបាយនិងអ្នកវិភាគក្នុងវិស័យព័ត៌មានមួយចំនួន បានបញ្ចេញទស្សនៈ ព្រួយបារម្ភខ្លាំងអំពី «ការថយចុះនៃចំនួនប្រជាជន» «ការថយចុះខ្លាំងនៃចំនួនប្រជាជន» និងរហូតដល់ «ការផុតពូជ របស់មនុស្ស»។ ប៉ុន្តែ របាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ២០២៥ បង្ហាញថា បញ្ហាពិតប្រាកដ មិនមែនជាការថយចុះនៃអត្រាលទ្ធភាពមានកូន ហើយក៏មិនមែនជាចំនួនប្រជាជន៨ប៊ីលាននាក់នៅលើពិភពលោក នាពេលបច្ចុប្បន្នដែរ។ វិបត្តិពិតប្រាកដ គឺកង្វះភ្នាក់ងារសុខភាពបន្តពូជ ដែលជាកង្វះសមត្ថភាពរបស់មនុស្ស ជាពិសេសគឺប្រជាជនវ័យក្មេងក្នុងការសម្រេចបាននូវសេចក្ដីប្រាថ្នានៃការបង្កើតគ្រួសារ និងការមានកូនរបស់ពួកគេ។ ជាក់ស្តែង ការស្ទង់មតិរបស់ UNFPA និង YouGov លើមនុស្សជាង១៤ ០០០នាក់ ក្នុង១៤ប្រទេស បានបង្ហាញថា ភាគច្រើននៃអ្នកចូលរួមការស្ទង់មតិ មានបំណងចង់មានកូនច្រើន ប៉ុន្តែពួកគេមិនអាចសម្រេចបាននោះទ ដោយសារបញ្ហាសង្គម ហិរញ្ញវត្ថុ និងសុខភាព។ ប្រជាជនវ័យក្មេងដែលមានទស្សនៈវិជ្ជមានចំពោះអនាគត មាន ឱកាសច្រើនក្នុងការសម្រេចអ្វីដែលពួកគេចង់បានសម្រាប់ខ្លួនឯងនិងគ្រួសាររបស់ពួកគេ។ ក៏ប៉ុន្តែ ប្រជាជនវ័យក្មេង ភាគច្រើន បានរាយការណ៍អំពីការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាចំពោះអនាគតរបស់ខ្លួន ដោយសារ បញ្ហាបរិស្ថាន អស្ថិរភាពសេដ្ឋកិច្ច និងការកើនឡើងនៃជម្លោះសកល ដែលនេះក៏ជាឧបសគ្គមួយទៀតដល់ ការសម្រេចបាននូវអត្រាលទ្ធភាពមានកូនដែលចង់បាន។

ទោះជាអត្រាកំណើនប្រជាជនពិភពលោកកំពុងថយចុះ ប្រជាជនកម្ពុជានឹងនៅបន្តកើនឡើងក្នុងមួយ រយៈពេលវែងទៅមុខទៀត ថ្វីត្បិតតែល្បឿននៃកំណើនកំពុងថយចុះបន្តិចម្តងៗ។ របាយការណ៍អង្កេតចន្លោះជំរឿន ប្រជាជនឆ្នាំ២០២៤ បង្ហាញថា អត្រាលទ្ធភាពមានកូនសរុបនៅកម្ពុជាមានចំនួន២,៥ នៅឆ្នាំ២០២៤។ ការព្យាករ របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤ បង្ហាញថា អត្រាលទ្ធភាពមានកូនសរុបនៅកម្ពុជា នឹងថយចុះដល់២,០៤ នៅឆ្នាំ២០៥០។ កម្ពុជាមានប្រជាជនចំនួន១៧,២លាននាក់ នៅឆ្នាំ២០២៤ ដែលនឹងកើនដល់២២លាននាក់ នៅឆ្នាំ២០៥០។ ប្រជាជនអាយុ១៥-៥៩ឆ្នាំ មាន៦៣,១% នៅឆ្នាំ២០២៤ ហើយភាគរយនេះនឹងថយចុះតិចតួច ដល់ឆ្នាំ២០៥០ គឺ៦១,៧%។ តួលេខនេះ បង្ហាញថា កម្ពុជាមានប្រជាជនស្ថិតក្នុងវ័យកម្លាំងពលកម្មច្រើនរហូតដល់ ឆ្នាំ២០៥០ និងក្រោយឆ្នាំ២០៥០ ដែលនេះជាកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងបន្តទៀតថា ការមានកម្លាំងពលកម្មច្រើន គឺគ្រាន់តែជាឱកាសភាគលាភប្រជាសាស្ត្រប៉ុណ្ណោះ ប៉ុន្តែការវិនិយោគទៅលើ ការបណ្តុះបណ្តាល ភាគលាភប្រជាសាស្ត្រឱ្យមានប្រសិទ្ធភាពនិងទាន់ពេល ទើបជាអត្ថប្រយោជន៍ពិតប្រាកដ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តបង្កើនការវិនិយោគលើប្រជាជនវ័យក្មេងគ្រប់ជំនាន់ តាមរយៈការពង្រឹងគុណភាព អប់រំនៅគ្រប់កម្រិត ការលើកកម្ពស់សេវាសុខភាព ការអភិវឌ្ឍជំនាញបច្ចេកទស និងការបង្កើតការងារសមរម្យ ដើម្បីកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ដើម្បីសម្រេចបាន នូវចក្ខុវិស័យពោរពេញទៅដោយមហិច្ឆតានេះ យើងចាំបាច់ត្រូវមានគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ច្បាស់លាស់ដែលផ្តោតលើប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ស្រ្តី និងក្មេងស្រី សម្រាប់កសាងសង្គមមួយ ដែលមានវិបុលភាព និងប្រកបដោយភាពធន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតយកឱកាសនេះ ផ្តល់នូវសារគន្លឹះ ដូចខាងក្រោម៖

(១) ក្រសួងផែនការ សហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវជាក់លាក់ ស្តីពីប្រជាជនដោយផ្អែកលើភស្តុតាង និងការគោរពសិទ្ធិបុគ្គលក្នុងការបង្កើតគ្រួសារនិងចំនួនកូន តាមបំណងប្រាថ្នា។ ការវិនិយោគលើប្រជាជនវ័យក្មេងនាថ្ងៃនេះ ជាពិសេសការវិនិយោគលើការអប់រំ សុខភាព និងការងារ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការឈានទៅរកវ័យចាស់ ប្រកបដោយផលិតភាព។
(២) ក្រសួងផែនការ ត្រូវបន្តរៀបចំទិវាប្រជាជនពិភពលោកឱ្យបានទៀងទាត់រៀងរាល់ឆ្នាំ និងពិភាក្សាជាមួយ នឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំឯកសារគតិយុត្តសម្រាប់បង្កើត «ទិវាជាតិប្រជាជន» ជាផ្លូវការឱ្យស្របគ្នាជាមួយនឹង «ទិវាប្រជាជនពិភពលោក»។ សូមឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំប្រារព្ធទិវាជាតិប្រជាជននៅតាមសា្ថប័ន និងមូលដ្ឋានរបស់ខ្លួន ដើម្បីក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនគ្រប់រូប គ្រប់វ័យ គ្រប់ជនជាតិ និងគ្រប់សាសនា ឱ្យផ្ដោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្ត្រ ដើម្បីកសាងសង្គមជាតិមួយប្រកបដោយ ភាពធន់ និងប្រកបដោយសុខដុមរមនា។

ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ ជនរួមជាតិទាំងអស់ជាទីស្រឡាញ់ដ៏ជ្រាលជ! ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី មានជំនឿមុតមាំថា ការវិនិយោគលើប្រជាជនវ័យក្មេងនាពេលនេះ តាមរយៈការផ្ដល់ឱកាសទទួលបានការអប់រំ ការថែទាំសុខភាព និងការងារសមរម្យ កម្ពុជានឹងទទួលបាននូវ វ័យចាស់ដែលមានសុខភាពល្អនិងសកម្មនាពេលអនាគត ដែលជាធនធាននិងទ្រព្យធនជាតិដ៏សំខាន់ក្នុងការ ចូលរួមកសាងនិងអភិវឌ្ឍប្រទេស។
ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបាន ចូលរួមគាំទ្រនិងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកន្លងមក ក្នុងការកសាងនិងថែរក្សាសន្តិភាព និងសមិទ្ធផល នៃការអភិវឌ្ឍ។ ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍទាំងអស់ រួមទាំង ស្ថាប័នអង្គការសហប្រជាជាតិ ជាពិសេសមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលតែងតែផ្តល់កិច្ចសហការល្អជាមួយនឹងរាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×