គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រយៈពេល ២ថ្ងៃ នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដែលអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ មានជំនឿ យ៉ាងមុតមាំថា តាមរយៈការបណ្ដុះបណ្តាលនេះ អ្នករាជការ គ.ជ.ប ដែលជាសិក្ខាកាមពិតជាបាន យល់ដឹងអំពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មាន ហានិភ័យបណ្តាលមកពីការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ ការរីកចម្រើននៃបច្ចេកវិទ្យា ចំណុចខ្លាំង ចំណុចខ្សោយ និងការគំរាមកំហែងរបស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) មកលើដំណើរការបោះឆ្នោត ព្រមទាំងវិធីសាស្ត្រទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលសកម្មភាពរបស់អ្នកដឹកនាំ លើកកម្ពស់តម្លាភាព និងទំនួលខុសត្រូវរបស់អ្នកនយោបាយ សំដៅរួមចំណែកអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចម្រើន ព្រមទាំងរាយការណ៍អំពីព្រឹត្តិការណ៍នានាជូនប្រជាពលរដ្ឋបានដឹងដើម្បីធ្វើ ការសម្រេចផ្នែកនយោបាយ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានក៏អាចជាអាវុធមុខពីរដែលបង្កឱ្យមានជម្លោះ ការបែកបាក់ អស្ថិរភាពសង្គម និងគំរាមកំហែងដល់សន្តិសុខជាតិ ប្រសិនបើព័ត៌មានទាំងនោះជា ព័ត៌មានក្លែងក្លាយ។ ឯកឧត្តម បានមានប្រសាសន៍ទៀតថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការរីកចម្រើនជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលបានរួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើតព័ត៌មាន និងបញ្ជូនព័ត៌មានបានលឿន និងទូលំទូលាយ, ដល់ដៃប្រជាពលរដ្ឋទូទាំងសកលលោក ប៉ុន្តែភាពរីកចម្រើននេះក៏កំពុងបង្កផលប៉ះពាល់អវិជ្ជមាន មួយចំនួនដល់ពិភពលោកតាមរយៈរូបភាព ឬសំឡេងក្លែងក្លាយ និងព័ត៌មានក្លែងក្លាយជាដើម។
ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានលើកឡើងទៀតថា ការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណើរការបោះឆ្នោត មានការកើនឡើងខ្លាំង ដែលអាចបង្កជាការគំរាមកំហែងថ្មី និងគួរឱ្យ ព្រួយបារម្ភទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត។ ឯកឧត្តម ក៏លើកជាឧទាហរណ៍ នៅបណ្តាប្រទេសមួយចំនួនដែលបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នេះ ដូចជាធ្វើ យុទ្ធនាការឃោសនាបោះឆ្នោតចេញពីពន្ធនាគារ ប្រឌិតវីដេអូ និងសំឡេងអំពាវនាវប្រជាពលរដ្ឋកុំឱ្យ ទៅបោះឆ្នោតជាដើម។ ទាំងអស់នេះ គឺជាករណីសិក្សាសម្រាប់ គ.ជ.ប ដកពិសោធន៍ដើម្បីតៀម លក្ខណៈរៀបចំការបោះឆ្នោតនាពេលខាងមុខ ជាពិសេសគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
ឯកឧត្តម ទេព នីថា ក៏បានផ្ដាំផ្ញើដល់អ្នករាជការ គ.ជ.ប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ព័ត៌មាននានាដែលខ្លួនទទួលបាន និងចែកចាយបន្ត ព្រមទាំងយកចំណេះដឹងដែលទទួលបានពីវគ្គ បណ្ដុះបណ្តាលនេះទៅផ្សព្វផ្សាយបន្តដល់មន្ត្រីបោះឆ្នោត សាច់ញាតិ និងមិត្តភក្តិដទៃទៀត ដើម្បី លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ៕ រក្សាសិទ្ធដោយ : សុទ្ធលី






