កំពង់ឆ្នាំង ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និង អបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥។
អនុសាសន៍របស់សម្ដេចមហាបវរធិបតី ៖
១. សម្ដេចបវរធិបតី គាំទ្រចំពោះគោលគំនិត នៃការរៀបចំតំបន់នេះ មួយផ្នែកឱ្យក្លាយជា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ គ្រប់អង្គភាពសហការជាមួយអាជ្ញាធរដែនដី ក្រសួង- ទេសចរណ៍ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឱ្យលេចចេញជារូបរាងឡើង។
២. ចំពោះការស្ថាបនាផ្លូវក្នុងតំបន់នេះ សម្តេចបវរធិបតី ប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍- ជនបទ ក្នុងការសិក្សា និង ដំណើរការរៀបចំស្ថាបនា។
៣. កងរាជអាវុធហត្ថ ត្រូវបន្តហ្វឹកហ្វឺន សំដៅអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាព និង លើកកម្ពស់គុណភាព ប្រកបដោយការទទួលខុសត្រូវ និង មានប្រសិទ្ធភាព។
៤. កងរាជអាវុធហត្ថ ត្រូវខិតខំថែរក្សាសំណង់ដែលមានស្រាប់ និង យកចិត្តទុកដាក់សាងសង់ថ្មី តាមតម្រូវការ និងលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង ជាពិសេស ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើប្រាស់កម្លាំង ធនធាន និង ទ្រព្យ- សម្បត្តិរបស់អង្គភាព ឱ្យបានស្ថិតស្ថេរ និង មានប្រសិទ្ធភាព ពោលគឺ ប្រើប្រាស់កម្លាំង ឱ្យសមស្របទៅនឹងតម្រូវការ ជំនាញ និង គ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធា គ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និង បានគង់វង្ស។
៥. កងរាជអាវុធហត្ថ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តចូលរួមការពារសន្តិសុខ រក្សារៀបរយសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើស ឧក្រិដ្ឋកម្មនានា ដូចជា ការជួញដូរផលិត ចែកចាយគ្រឿងញៀនខុសច្បាប់, អំពើជំរិតទារប្រាក់ ឆបោកតាមអនឡាញ, អំពើជួញដូរមនុស្ស, អំពើភេរវកម្ម, បទល្មើសធនធាន- ធម្មជាតិ និង អំពើល្មើសច្បាប់នានា។ ក្រៅពីនោះ ត្រូវបន្តចូលរួមការងារមនុស្សធម៌ កិច្ច- ការសង្គម និង សង្គ្រោះគ្រោះមហន្តរាយ។
៦. កងរាជអាវុធហត្ថ ត្រូវតែជាកងកម្លាំងដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះ ជាតិមាតុភូមិ និង ប្រជាជន និង យកអស់ស្មារតី គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវ ប្រពៃណី សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ និង ក្លាយជាកម្លាំងរឹងមាំ ដើម្បី ការពារជាតិមាតុភូមិ និង ប្រជាជន។
៧. សម្ដេចបវរធិបតី លើកទឹកចិត្តដល់កងកម្លាំង កងរាជអាវុធហត្ថ ខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺ ការពារសន្តិភាព ធានាសុខ- សុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្ដម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។
សម្ដេចបវរធិបតី មានសង្ឃឹម និង ជឿជាក់យ៉ាងមុតមាំ ចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និង ភក្តីភាព របស់ កងកម្លាំងគ្រប់រូប និង សម្ដែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងរាជអាវុធហត្ថ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព ៕រក្សាសិទ្ធដោយ៖សុទ្ធលី






