ភ្នំពេញ៖ ក្រុមនិស្សិតនៃមហាវិទ្យល័យនិតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ២០០នាក់ដឹកនាំដោយព្រឹទ្ធបុរស រុន ពណ្ណរិទ្ធ នាព្រឹកថ្ងៃទី១សីហា២០២៥នេះ បានមកសិក្សាស្វែងយល់ពីការងារនៅរដ្ឋបាលរាជធានីភ្នំពេញដែលជាផ្នែកមួយ នៃការបង្កើនចំណេះដឹងនៃការអនុវត្តជាក់ស្តែងក្រៅសាលា។
ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ឱកាសនៃការបណ្តុះបណ្តាលធនធានមនុស្សនឹងគ្មានទេបើប្រទេសជាតិមានសង្គ្រាម ។ដូច្នេះសន្តិភាពមានអត្ថន័យដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន និងរកបានយ៉ាងលំបាកដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាស្ថាបនិកសន្តិភាពសំរាប់កម្ពុជា និងបន្តមកសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំកម្ពុជាអភិវឌ្ឍន៏លើគ្រប់វិស័យ ពិសេសការពង្រឹងខឿនការ ពារជាតិបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។
ឯកឧត្តមអភិបាលបានបន្ថែមថា៖ ប្រទេសជាតិរីកចម្រើនគឺជាប្រទេសដែលមានធនធានមនុស្សច្រើន មានចំណេះ ដឹងខ្ពង់ខ្ពស់ស្របតាមឆន្ទៈដ៏មុតស្រួចរបស់សម្តេចមហាបវរហ៊ុន ម៉ាណែត ដែលនឹងប្រែក្លាយប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមឃួង ស្រេងបញ្ជាក់ទៀតថា ក្មួយៗប្អូនៗបានសិក្សាខ្ពង់ខ្ពស់គឺផ្តើមចេញពីញើសឈាមរបស់យុវជនជំនាន់មុនត្រូសត្រាយផ្លូវ និងលះបង់សព្វបែបយ៉ាងក្នុងនោះក៏មានការពង្រឹងវិស័យអប់រំដែលជាស្នូលនៃការអភិវឌ្ឍន៏ គឺបុរសម្នាក់នេះហើយដែលបានលះបង់អ្វីៗសព្វបែបយ៉ាងជូនប្រជាជន និងជាតិកម្ពុជាបានសុខសាន្តនិងការអភិវឌ្ឍន៏។ ប្អូនៗនិងក្មួយៗត្រូវដឹងថា តើប្អូនៗចាប់ផ្តើមចេញដំណើរពីប្រភពណា ហើយបន្តដំណើរទៅណា។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបន្ថែមថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងមួយឆ្នាំៗបានបញ្ជូននិស្សិតទៅបន្តការសឹក្សានៅបរទេសជាច្រើននាក់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















