ព្រំដែន ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំប្រមុខបេសកកម្មការទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះត្រួតពិនិត្យតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យ ដែលបង្កឡើងពីការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ លើបញ្ហាជម្លោះព្រំដែន ព្រមទាំង សួរសុខទុក្ខបងប្អូនជនភៀសសឹកនៅក្នុងខេត្តផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជួបសួរសុខទុក្ខ និងចែកអំណោយមួយចំនួនដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅសមរភូមិជួរមុខ ក្នុងខេត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។
អង្គទូតមកពីប្រទេសទាំង១៥នេះ គឺមាននៅក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសធំៗក្នុងពិភពលោកដូចជា អាមេរិក ចិន ចក្រភពអង់គ្លេស ជប៉ុន ឥណ្ឌា អូស្រ្តាលី និងសហគមអឺរ៉ុប៕ រក្សាសិទ្ធដោយ៖សុទ្ធលី





















