ខេត្តកំពង់ចាម៖ ក្នុងមួយរយៈចុងក្រោយនេះជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យពលរដ្ឋរស់នៅជាប់តំបន់ព្រំដែនត្រូវភៀសសឹកទៅកាន់កន្លែងសុវត្ថិភាពឆ្ងាយពីគ្រាប់ប្លោងធ្វើឲ្យជីវភាពពួកគាត់ជួបនូវការលំបាកផ្នែកជីវភាព។ដោយមើលឃើញបែបនេះ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការសាខា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកពីបណ្តាខេត្ត ជាប់តំបន់ព្រំដែនចំនួន ១០៥គ្រួសារ ក្នុងនេះ មានទាំងភរិយាយោធិនជួរមុខ ៧គ្រួសារ ដែលកំពុងជួបលំបាកជីវភាព ដែលបច្ចុប្បន្នស្នាក់នៅក្នុងឃុំចំនួន១៤ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទាំងនេះបានជួយសម្រាលជីវភាពរបស់ពួកគាត់បានមួយកម្រិតផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកនិងគ្រួសារយោធិនជួរមុខ ទាំង១០៥ គ្រួសារ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែបានណែនាំដល់សាខា អនុសាខា រួមនឹងបណ្តាញ ការងារគ្រប់ថ្នាក់របស់កាកបាទក្រហមកម្ពុជា អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយ សម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និងជនងាយរងគ្រោះ ពិសេស ជនភៀសសឹក ឬគ្រួសារកងទ័ពជួរមុខអោយបានទាន់ពេលវេលា ដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយ ឬមូលហេតុអ្វីឡើយ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អទៅតាមវិធានអនាម័យ ស្អាតបីយ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជំងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពបងប្អូន។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ដែលមានបំណងចង់រកកាងារធ្វើ សូមមកទំនាក់ទំនងនៅ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដែលបច្ចុប្បន្នមានរោងចក្រសហគ្រាស ត្រូវការកម្លាំងពលកម្មជាង ១៨,០០០ កន្លែង។គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង ១គ្រួសារ រួមមាន ៖
-អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ ឃីត ១សម្រាប់ មុង ១ ក្រមា ១ និងថវិកា ៥០,០០០រៀល។ចង់មួយរយៈកន្លងមកថ្នាក់ដឹកនាំខេត្តបាននាំយកអំណោយចែកជូនប្រជាជនភៀសសឹកនៅខេត្តព្រះវិហារនិងឧត្តមានជ័យជាដើម គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី








