រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ២០២៥អគ្គនាយកដា្ឋនពន្ធដារក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្ដីណែនាំស្តីពីការអនុវត្តពន្ធលើចំណេញមូលធន ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។
អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣, កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (Double Taxation Agreement-DTA) ដែលកម្ពុជាមានជាធរមាន, ប្រកាសលេខ៤៩៦ សហវ.ប្រក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីពន្ធលើចំណេញមូលធន, ស្របតាមសេចក្តី ណែនាំលេខ ៤០៨៤ អពដ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ស្ដីពីវិធាននិងនីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀង DTA, និងក្នុងគោលបំណងធានាបាននូវអនុលោមភាព និងប្រសិទ្ធភាព ក្នុងការអនុវត្តពន្ធលើចំណេញមូលធនក្រោមក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀង DTA អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំដូចខាងក្រោម៖
I. ការបែងចែកសិទ្ធិយកពន្ធលើចំណេញមូលធន ក្រោមកិច្ចព្រមព្រៀង DTA
កិច្ចព្រមព្រៀង DTA បានបែងចែកសិទ្ធិយកពន្ធលើចំណេញមូលធន រវាងភាគីទាំងពីរនៃកិច្ចព្រមព្រៀង គឺ ប្រទេសឬយុត្តាធិការដែលជាប្រភពនៃចំណេញមូលធន និងប្រទេសឬយុត្តាធិការនិវាសនដ្ឋាន។ អនុលោមតាមមាត ១៩១ នៃច្បាប់ស្តីពីសារពើពន្ធ បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង DTA ដែលព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគី ត្រូវមាន វិសាលភាពគ្របដណ្តប់លើបទប្បញ្ញត្តិនៃច្បាប់ស្តីពីសារពើពន្ធ។
II. វិសាលភាពនៃមាត្រាស្តីពីចំណេញមូលធន ក្រោមកិច្ចព្រមព្រៀង DTA
មាត្រាស្តីពីចំណេញមូលធន នៃកិច្ចព្រមព្រៀង DTA មានវិសាលភាពបែងចែកសិទ្ធិយកពន្ធលើចំណេញមូល- ធន ដែលសម្រេចបានពីប្រតិបត្តិការលក់ឬផ្ទេរចលននិងអចលនទ្រព្យ, នាវាឬយន្តហោះ, ភាគហ៊ុនឬអត្ថប្រយោជន៍ ប្រហាក់ប្រហែល, និងទ្រព្យផ្សេងទៀត រវាងភាគីទាំងពីរនៃកិច្ចព្រមព្រៀង ដោយផ្អែកតាមលក្ខខណ្ឌដូចមានចែងក្នុង កិច្ចព្រមព្រៀង DTA នីមួយៗ ជាអាទិ៍ ដូចខាងក្រោម៖
១. ការលក់ឬផ្ទេរអចលនទ្រព្យ៖ ប្រទេសឬយុត្តាធិការដែលជាប្រភពនៃចំណេញមូលធន ដែលអចលនទ្រព្យ ស្ថិតនៅ មានសិទ្ធិក្នុងការកំណត់ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរអចលនទ្រព្យ នោះ។ ដូចនេះ អចលនទ្រព្យស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធនៅកម្ពុជា។
២. ការលក់ឬផ្ទេរចលនទ្រព្យ៖ ប្រទេសឬយុត្តាធិការដែលជាប្រភពនៃចំណេញមូលធន មានសិទ្ធិក្នុងការ កំណត់ពន្ធលើចំណេញមូលធន ដែលសម្រេចបានពីការលក់ឬផ្ទេរចលនទ្រព្យ ដែលជាចំណែកនៃទ្រព្យ អាជីវកម្មរបស់គ្រឹះស្ថានអចិន្ត្រៃយ៍ ឬចលនទ្រព្យជាប់ទាក់ទិននឹងមូលដ្ឋានជាប់លាប់ នៃភាគីនៃកិច្ចព្រម- ព្រៀង។ ដូចនេះ ចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរចលនទ្រព្យរបស់គ្រឹះស្ថានអចិន្ត្រៃយ៍ ឬមូលដ្ឋានជាប់លាប់ ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធនៅកម្ពុជា។
៣. ការលក់ឬផ្ទេរ នាវាឬទូក យន្តហោះ ឬមធ្យោបាយដឹកជញ្ជូនតាមផ្លូវដែកឬផ្លូវគោក៖ ចំណេញមូលធន ដែលសម្រេចបានពីការលក់ឬផ្ទេរ នាវាឬទូក យន្តហោះ ឬមធ្យោបាយដឹកជំញ្ជូនតាមផ្លូវដែកឬផ្លូវគោកដែលធ្វើប្រតិបត្តិការក្នុងចរាចរណ៍អន្តរជាតិ ត្រូវជាប់ពន្ធតែនៅប្រទេសនិវាសនដ្ឋាននៃសហគ្រាសដែល ធ្វើប្រតិបត្តិការនោះ ប៉ុណ្ណោះ។
៤. ការលក់ឬផ្ទេរ ភាគហ៊ុនឬអត្ថប្រយោជន៍ប្រហាក់ប្រហែល៖ កិច្ចព្រមព្រៀង DTA បានកំណត់លក្ខខណ្ឌ ដូចជា ភាគរយនៃតម្លៃអចលនទ្រព្យស្ថិតនៅកម្ពុជា ធៀបនឹងតម្លៃទ្រព្យសរុបរបស់សហគ្រាសនោះ សម្រាប់កំណត់ប្រទេសឬយុត្ដាធិការដែលមានសិទ្ធិយកពន្ធលើចំណេញមូលធននេះ។ ក្នុងករណីដែល ការលក់ឬផ្ទេរ ភាគហ៊ុនឬអត្ថប្រយោជន៍ប្រហាក់ប្រហែលរបស់សហគ្រាស ដែលមានភាគរយនៃតម្ល អចលនទ្រព្យស្ថិតនៅកម្ពុជា ធៀបនឹងតម្លៃទ្រព្យសរុបរបស់សហគ្រាស ទាបជាងលក្ខខណ្ឌដែលបាន កំណត់នៅក្នុងកិច្ចព្រមព្រៀង កម្ពុជាពុំមានសិទ្ធិយកពន្ធនោះទេ។
៥. ការលក់ឬផ្ទេរទ្រព្យផ្សេងទៀត៖ ក្រៅពីករណីដូចមានរៀបរាប់ក្នុងចំណុច ១ ដល់ ៤ ខាងលើ ជាទូទៅ ប្រទេសឬយុត្តាធិការនិវាសនដ្ឋាន មានសិទ្ធិយកពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរទ្រព្យផ្សេងទៀត។
ក្នុងករណីកិច្ចព្រមព្រៀង DTA បានកម្រិតសិទ្ធិយកពន្ធរបស់កម្ពុជា ជាពិសេសដូចក្នុងចំណុច ៣ ដល់ ៥ ខាងលើ អ្នកជាប់ពន្ធនឹងទទួលបានការអនុគ្រោះ ឬការលើកលែងពន្ធលើចំណេញមូលធនដែលសម្រេចបាននៅកម្ពុជា។ III. នីតិវិធីនៃការអនុវត្តពន្ធលើចំណេញមូលធន ក្រោមកិច្ចព្រមព្រៀង DTA
ដើម្បីអាចទទួលបានការអនុគ្រោះ ឬការលើកលែងពន្ធលើចំណេញមូលធន ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង DTA បុគ្គលជានិវាសនជននៃភាគីនៃកិច្ចព្រមព្រៀង DTA ត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ តាមអនឡាញ ដូចមានចែងក្នុងវិធាន និងនីតិវិធីពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀង DT របស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលមានជាធរមាន។
ដើម្បីឈ្វេងយល់បន្ថែមអំពីការអនុវត្តនេះ អ្នកជាប់ពន្ធ ភ្នាក់ងារសេវាកម្មពន្ធដារ និងសាធារណជនទាំងអស់ អាចពិនិត្យមើលលម្អិតនូវកិច្ចព្រមព្រៀង DTA ដែលកម្ពុជាមានជាធរមាន នៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈអាសយដ្ឋាន https://www.tax.gov.kh ឬអាចទូរស័ព្ទមក Call Center_1277 ឬចូលជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា អ្នកជាប់ពន្ធ ភ្នាក់ងារសេវាកម្មពន្ធដា និងសាធារណជន ទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំខាងលើ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ២ ប្រតិភូរាជរដ្ឋាភិបាល (ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

