ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា “
ក្រសួងការពារជាតិ មិនអនុញ្ញាតយោធិនគ្រប់រូបដែលមាន ស្នាមសាក់ លើដងខ្លួនដូចព័ត៌មានថៃផ្សាយ ចូលបម្រើការងារក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងរបស់យើងជាដាច់ខាត។ភាគីថៃសូមបញ្ឈប់ជាបន្ទាន់ ការផ្សាយមិនពិត ប្រឌិត គ្មានមូលដ្ឋាន ដែលនេះបង្ហាញពីភាពគ្មានវិជ្ជាជីវៈក្នុងស្ថាប័នព័ត៌មាន”។ លោកជំទាវ បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមវេលាម៉ោង ១១:០០នាទី ថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្រោយច្រានចោលការចោទប្រកាន់របស់ថៃ លោកជំទាវ ឧត្តមសេនីយ៍ឯក បានអះអាងថា កងកម្លាំងកម្ពុជាមិនមានស្នាមសាក់លើដងខ្លួនឡើយ។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនអនុញ្ញាតឱ្យយោធិន ដែលមានស្នាមសាក់លើដងខ្លួនចូលបម្រើការក្នុងក្របខណ្ឌណាមួយជាដាច់ខាត។
ដោយឡែក ព័ត៌មាន ដែលថាប៉ូលិសថៃ ចាប់ខ្លួនបុគ្គលម្នាក់ជាទាហានកម្ពុជា អ្នកនាំពាក្យរូបនេះ ថាជាការបង្កើតសាច់រឿង ក្នុងចេតនាមូលបង្កាច់កម្ពុជាប៉ុណ្ណោះ។ រក្សាសិទ្ធដោយ៖សុទ្ធលី

