ម៉ាឡេស៊ី ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ខ្ញុំសូមថ្លែងអំណរគុណដល់ភាគីម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូកម្ពុជា។
ក្នុងឱកាសជំនួបទ្វេភាគី ភាគីកម្ពុជាទទួលបានការយកចិត្តទុកខ្ពស់ ពីឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានបង្ហាញពីឆន្ទៈនៃការចង់ឃើញជោគជ័យនៃការអនុវត្តបទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR ) នឹងជួយឱ្យឈានទៅការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ដែលនឹងក្លាយជាយន្តការតាមដានការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្រោមសម្របសម្រួលរបស់ភាគីម៉ាឡេស៊ីបានធ្វើឱ្យដំណើរការនៃកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រកបដោយភាពវិជ្ជមាន និងធាតុចូលជាច្រើនរបស់កម្ពុជា ដែលភាគីថៃក៏បានយល់ស្រប ក្នុងទទួលយក ដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះដែលកម្ពុជាទទួលយកបានដូចគ្នា។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំក៏សូមរំលេចប្រសាសន៍របស់ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លើកឡើងថា ‘’Peace is Expensive, Life is Precious, Time is Essence” ‘’សន្តិភាពពិតជាមានតម្លៃ ជីវិតពិតជាថ្លៃថ្លា ពេលវេលាគឺមានកំណត់’’ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








