ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ Mohamed Nizam បង្ហាញពីឆន្ទៈក្នុងការសម្របសម្រួលដើម្បីអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ តាមរយៈការដាក់ចេញនូវផែនការសកម្មភាពមួយចំនួន។
បើតាមលោកជំទាវអ្នកនាំពាក្យ ម៉ាឡេស៊ីនឹងជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR)និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ អោយបានត្រឡប់មកវិញនូវសន្តិភាពឆាប់រហ័សជាទីបំផុត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានគូសរំលេចពីប្រសាសន៍ដ៏មានអត្ថន័យរបស់នាយឧត្តមសេនីយ៍ Mohamed Nizam ដែលមានខ្លឹមសារថា «”Peace is expensive” (សន្តិភាពមិនអាចកាត់ថ្លៃបាន) “Life is precious” (ជីវិតពិតជាមានតម្លៃ ) “Time is of the Essence” (ពេលវេលាពិតជាសំខាន់)» ដែលស្របនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី តែងតែលើកឡើងថា “មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចាគឺអាចជួយសង្គ្រោះដល់ជីវិតរបស់កងកម្លាំងយើង និងប្រជាជនយើងបានកាន់តែឆាប់កាន់តែល្អ”។
គួរបញ្ជាក់ថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំ GBC ជាមួយភាគីថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
