Friday, August 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរ ជាមួយប្រជាជាតិលើពិភពលោក ជាពិសេសបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា ដែលបានចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនិងអភិរក្សវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ត្រូវបានរៀបចំ ឡើងក្រោមប្រធានបទ «ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិចក្នុងបរិបទបរិវត្តកម្ម ឌីជីថល» ដែលផ្ដោតសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់បងប្អូន ជនជាតិដើមភាគតិច ដោយផ្តល់ឱកាសសមធម៌ និងការចូលរួមក្នុងការអភិវឌ្ឍសង្គមក្នុងបរិបទបរិវត្តកម្មឌីជីថល។
យោងតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច ឆ្នាំ២០០៩ នៅក្នុងព្រះរាជា ណាចក្រកម្ពុជាមានជនជាតិដើមភាគតិច ដូចជាកួយ ព្នង ទំពួន ចារាយ សួយ គ្រឹង ព្រៅ កាវ៉ែត កាចក់ លុន ស្ទៀង ក្រោល ថ្នូន ជង ព័រ ស្ដួច ខោញ រដែ ខិ រអង ល្ហុង ល្អីន មិល សំរែ និងជនជាតិដើមភាគតិចផ្សេងៗ ទៀត។ បងប្អូនជនជាតិដើមភាគតិចទាំងអស់រស់នៅក្នុងខេត្តមួយចំនួន ដូចជាខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ ព្រះសីហនុ កោះកុង និងនៅតាមតំបន់ផ្សេងៗទៀត ដោយពួកគាត់ប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន២១៣សហគមន៍ បានចុះ បញ្ជីជានីតិបុគ្គលពីក្រសួងមហាផ្ទៃ ចំនួន១៥៥សហគមន៍ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២សហគមន៍។ ការណ៍នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច ( ការលើកកម្ពស់សិទ្ធិ និងការការពារឧត្តមប្រយោជន៍ របស់ជនជាតិដើមភាគតិច គឺធ្វើយ៉ាងណាឱ្យបងប្អូនជនជាតិដើមភាគតិចទទួលបាននូវគុណភាព និងគុណ តម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ នីតិរដ្ឋ។ ការបង្កើននូវភាពចម្រុះនៃវប្បធម៌ ពហុភាសា សេរីភាព ជំនឿ និងសាសនា ធ្វើឱ្យកម្ពុជា កាន់តែមាន គុណតម្លៃបន្ថែមទៀត ក្នុងនាមពួកយើងទាំងអស់គ្នាជាបងប្អូនខ្មែរតែមួយ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការ មិនមែនរដ្ឋាភិបាល ដែលបានចូលរួមយ៉ាងសស្រាក់សស្រ័ អស់ពីកម្លាំងកាយចិត្ត ក្នុងការលើកកម្ពស់ការងារ អភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច នាពេលកន្លងមក។

សម្តេចធិបតី ក៏សូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការ ដើម្បីជំរុញការងារលើកកម្ពស់ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិចឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងគោលដៅកសាងកម្ពុជាមួយដ៏រស់រវើក និងមានវប្បធម៌ដ៏សម្បូរបែប។ ដូច្នេះ ដើម្បីឱ្យការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច ប្រកបដោយគុណភាព និងប្រសិទ្ធភាព ខ្ញុំសូមផ្ដល់ជា អនុសាសន៍មួយចំនួនជូនក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ដូចខាងក្រោម៖
ទី១- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដែលបាននិងកំពុងប្រតិបត្តិការលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អរបស់ បងប្អូនជនជាតិដើមភាគតិច។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារលើកកម្ពស់ការអភិវឌ្ឍនិង អភិរក្សជនជាតិដើមភាគតិច ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិ ស្ដីពីការ អភិវឌ្ឍជនជាតិដើមភាគតិច ដើម្បីជំរុញឱ្យការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច កាន់តែមាន ប្រសិទ្ធភាព។
ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍនានា អង្គការមិនមែន រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែមលើការងារកំណត់អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិច។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍភូមិជនជាតិដើមភាគតិចទៅជាភូមិគំរូ ផ្អែកលើសក្តានុពលវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ទី៥- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់ និងសារៈសំខាន់នៃការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយទៅដល់គ្រប់សហគមន៍ ជនជាតិដើមភាគតិច និងសាធារណជនទូទៅបានយល់កាន់តែច្បាស់ និងជ្រួតជ្រាបអំពីអត្ថន័យនៃទិវានេះ។
ទី៦- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមការអភិវឌ្ឍ ដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅកសាងសង្គមជាតិមួយដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើងក្នុងនាមជនជាតិខ្មែរតែមួយ។
ទី៧- បងប្អូនជនជាតិដើមភាគតិច ត្រូវចូលរួមយ៉ាងសកម្មក្នុងការអភិរក្សអត្តសញ្ញាណ និងវប្បធម៌ របស់ខ្លួនតាមរយៈការប្រើប្រាស់ភាសា ការប្រតិបត្តិ ការថែរក្សា ការអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ ដល់កូនចៅជំនាន់ក្រោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×