ភ្នំពេញ:ករណីអ្នកទោសប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារខេត្តស្ទឹងត្រែងបង្កើតគណនីហ្វេសបុក ដើម្បីលួងលោម បោកបញ្ឆោត និងគំរាមកំហែងដល់នារីជន រងគ្រោះម្នាក់ដោយបញ្ជាឱ្យបំពេញលក្ខខណ្ឌជាការវេរប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបភាពអាក្រាតកាយ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ប្រកាសថានឹងតាមមើលករណីនេះ?។មូលហេតុគឺរឿថក្តីដែលប៉េអឹមរាជធានីបង្ក្រាបនេះចូលដល់តុលាការហើយ!។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់ បណ្តាអង្គភាពសារព័ត៌មាន និងសាធារណជន ជ្រាបថា៖ អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសហការនិង តាមដានដោយយកចិត្តទុកដាក់ចំពោះករណីពាក់ព័ន្ធទណ្ឌិតនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង បានលួចលាក់ ប្រើប្រាស់ទូរស័ព្ទចល័តក្នុងពន្ធនាគារដែលផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ទៅប្រព្រឹត្តអំពើល្មើសដោយ បង្កើតគណនីហ្វេសបុកឈ្មោះ ចាន់ ពិសិដ្ឋ ដើម្បីលួងលោម បោកបញ្ឆោត និងគំរាមកំហែងដល់នារីជន រងគ្រោះម្នាក់ដោយបញ្ជាឱ្យបំពេញលក្ខខណ្ឌជាការវេរប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបភាពអាក្រាតកាយ ជាសាធារណៈ។
សូមបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្នុងចំណាត់ការនីតិវិធីតុលាការ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីនារីរងគ្រោះកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាប់ផ្តើម បើកការស៊ើបអង្កេតស្រាវជ្រាវ និងបានពន្លាតសមត្ថកិច្ចស្រាវជ្រាវរហូតដល់ខេត្តស្ទឹងត្រែង ដោយសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង រហូតកំណត់បាននូវអត្តសញ្ញាណបុគ្គលដែលជាជនសង្ស័យ និងបក្ខពួក ជាបឋមចំនួន០៧រូប ដែលក្នុងនោះ ០៣រូបជាជនជាប់ឃុំក្នុងពន្ធនាគារ និង០១រូបទៀតជាមន្ត្រីពន្ធនាគារ។ បច្ចុប្បន្នមន្ត្រីពន្ធនាគារ០១រូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តយកទៅធ្វើការសួរនាំបន្ថែមនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។
សូមរំលឹកថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ហោះសារដាស់តឿនមួយគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក ដែលមាន ខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
រឿងថ្មី នៃមេរៀនចាស់!
មេរៀនចាស់ដដែលៗដែលឧស្សាហ៍កើតមានក្នុងសង្គម Facebook នាពេលបច្ចុប្បន្ន គឺមានបុគ្គលទុច្ចរិច្ចមួយចំនួន បានយករូបភាពអ្នកដ៏ទៃដែលស្អាតសង្ហា មកបង្កើតជាគណនី Facebook ក្លែងបន្លំមួយ ហើយឆាតទំនាក់ទំនងមនុស្សស្រីជាច្រើនគ្នា ពេលមានអ្នកឆ្លើយឆ្លង ក៏ចាប់ផ្តើមទំនាក់ទំនងស្នេហាផ្អែមល្ហែមហៅគ្នាប្រពន្ធសម្លាញ់ប្តីសម្លាញ់ពេញៗមាត់ និងពេលខ្លះសុំជួបក្រុមគ្រួសារដោយសន្យាចូលស្តីដណ្តឹងតាមច្បាប់ និងពេលខ្លះបានកំណត់ថ្ងៃភ្ជាប់ពាក្យផងដែរ បន្ទាប់ពីនារីរងគ្រោះជឿងលង់ស៊ប់ហើយ ជនសង្ស័យក៏ចាប់ផ្តើមបោកបញ្ឆោតល្បួងឲ្យថតរូបអាក្រាត បង្ហាញដល់ជនសង្ស័យ ដោយសម្អាងថាគង់នឹងក្លាយជាប្តីប្រពន្ធជាមួយគ្នាឆាប់ៗ ធ្វើឲ្យជនរងគ្រោះភ្លេចគិត ត្បិតយល់ថា ស្និទ្ធិស្នាលខ្លាំង ផ្អែមល្ហែមខ្លាំង ធ្វើឲ្យស្រលាញ់ខ្លាំង ក៏ព្រមបើកបង្ហាញ។ ក្រោយមានរូបអាក្រាតជនរងគ្រោះ ជនសង្ស័យក៏ចាប់ផ្តើម ប្រើល្បិចសុំខ្ចីលុយ ដោយប្រាប់ថាខ្លួន មានបញ្ហាក្នុងមុខរបរ ឬមានបញ្ហាគ្រោះថ្នាក់ចរាចរ ឬមានបញ្ហាខុសច្បាប់ផ្សេងៗ រហូតជនរងគ្រោះអស់លុយឲ្យខ្ចី ឬដឹងខ្លួនមិនព្រមឲ្យលុយជនសង្ស័យខ្ចី ទើបជនសង្ស័យយករូបអាក្រាតមកគំរាមទារប្រាក់តែម្តង។
ស្តាប់ទៅ ហាក់ដូចថា ជនរងគ្រោះឆោតល្ងង់ តែជាក់ស្តែងមនុស្សយើងពេលលង់លើអ្វីមួយហើយ គឺតែងទុកចិត្តភ្លេចគិតពិចារណា មិនថាយើងមិនថាគេ ព្រោះករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានទទួលបណ្តឹង ធ្វើការបង្ក្រាប និងបានផ្សព្វផ្សាយជាច្រើនមកហើយ ដោយមានអ្នកខ្លះ រងគ្រោះអស់ខ្ទង់ពាន់ដុល្លារ អ្នកខ្លះអស់ខ្ទង់ម៉ឺនដុល្លារ និងមានអ្នកអស់ដល់ខ្ទង់សែនដុល្លារផងដែរ។
រឿងថ្មីគឺ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្ដឹងពីនារីម្នាក់ ប្ដឹងចោទប្រកាន់ទៅលើ ម្ចាស់គណនី Facebook មួយ ឈ្មោះ ចាន់ ពិសិដ្ឋ ពីបទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ។ នារីរងគ្រោះ បានរៀបរាប់ថា គណនី Facebookខាងលើ បាទទំនាក់ទំនងមកសុំស្នេហ៍ខ្លួន ដោយប្រើពាក្យសម្ដីផ្អែមល្ហែម លួងលោមរហូតខ្លួនលង់ចិត្តស្រលាញ់ ហ៊ាន Call Live Video Facebook អាក្រាតកាយ ឲ្យជនសង្ស័យមើល តែមិននឹកស្មានថាជនសង្ស័យបានលួចថតចម្លងVideoនោះទុក បន្ទាប់មក នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ជនសង្ស័យបានភូតកុហកថារថយន្តរបស់គេ ដឹកឈើត្រូវបានសមត្ថកិច្ចខេត្តរតនគិរីឃាត់ទុក ហើយបើសិនចង់ដោះស្រាយត្រូវមានលុយ 15.000$ តែគេថា គេមានលុយនៅនឹងខ្លួនចំនួនតែ 10.000$ ខ្វះ5,000$ទៀត ចង់ខ្ចីពីខ្លួន ដើម្បីយកទៅលស់រថយន្តមកវិញ ពេលសុំខ្ចីមិនបាន ស្រាប់តែជនសង្ស័យគំរាមថាគេមានវីដេអូអាក្រាតរបស់ខ្លួន បើសិនជាមិនព្រមប្រគល់លុយតាមលក្ខខណ្ឌរបស់គេនោះទេ គេនឹងយកវីដេអូអាក្រាតនោះទៅបង្ហោះចែកចាយជាសាធារណៈមិនខាន។ ដោយមានការភ័យខ្លាចខ្លួន ក៏បានសុំចរចា រហូតដល់ត្រូវគ្នាចំនួន 1,000$ ដោយជនសង្ស័យឱ្យផ្ញើតាម ទ្រូម៉ានី។ បន្ទាប់ពីផ្ញើលុយរួច ជនសង្ស័យនៅតែបន្តគំរាម ឲ្យផ្ញើថែមចំនួន1,000$ ទៀត ទើបខ្លួន មកដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថរាជធានីភ្នំពេញតែតែម្ដង។
ក្រោយពីទទួលបានបណ្ដឹង កម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រើវិធានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតរកឃើញថា ជនសង្ស័យដែលធ្វើសកម្មភាពបោកបញ្ឆោត និងគំរាមកំហែងដល់ជនរងគ្រោះ មានតម្រុយចេញពីទីតាំងខេត្តស្ទឹងត្រែង ដូច្នេះកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានពន្លាតដែនសមត្ថកិច្ច ទៅសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តស្ទឹងត្រែង ស្រាវជ្រាវស្វែងរកឃើញ ក្រុមបក្ខពួករបស់ជនសង្ស័យដែលទៅដកប្រាក់ មានចំនួន០៣នាក់ រួមមាន÷ 1.ឈ្មោះ ម៉ាត់ ស្លាម៉ាស់ ភេទស្រី អាយុ៤១ឆ្នាំ, 2.ឈ្មោះ ឡេន ធីដា ភេទស្រី អាយុ៤២ឆ្នាំ, 3.ឈ្មោះ ស៊ី វីឡែន ភេទប្រុស អាយុ១៨ឆ្នាំ។ បន្ទាប់ពី សួរចម្លើយ បក្ខពួកជនសង្ស័យទាំង០៣នាក់នេះរួចមក សមត្ថកិច្ចអាវុធហត្ថ បានរកឃើញជនសង្ស័យនិងអ្នកជាប់ពាក់ព័ន្ធ សរុប០៣នាក់ផ្សេងទៀត គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលសុទ្ធតែជាទណ្ឌិត កំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តស្ទឹងត្រែង នោះគឺ៖ 1- ទណ្ឌិតឈ្មោះ ជាង ខេងលី មានទោសជាប់គុក ៣ឆ្នាំ ពីបទចែកចាយ និងប្រើប្រាស់សារធាតុញៀន (អ្នកបង្កើតគណនីក្លែងបន្លំ និងជាអ្នកទំនាក់ទំនងលួងលោមបោកបញ្ឆោតគំរាមទារប្រាក់ជនរងគ្រោះផ្ទាល់), 2- ទណ្ឌិតឈ្មោះ ស្រេន ឡាង មានទោសជាប់គុក ១៣ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស និងសមគំនិតក្នុងអំពើឃាតកម្ម (ជាប្តីរបស់ឈ្មោះ ម៉ាត់ ស្លាម៉ាស់ និងជាអ្នកផ្តល់ទូរស័ព្ទឲ្យ ជាង ខេងលី យកទៅធ្វើសកម្មភាព), 3- ទណ្ឌិតឈ្មោះ ហេង សៀវត្រា មានទោសជាប់គុក ៣ឆ្នាំ ពីបទចែកចាយនិងប្រើប្រាស់សារធាតុញៀន (ជាអ្នកជួយលាក់ទូរស័ព្ទ លាក់ស៊ីម ក្នុងពន្ធនាគារទុកឲ្យ ជាង ខេងលី យកទៅធ្វើសកម្មភាព)។
បច្ចប្បន្ន ជនសង្ស័យ និងបក្ខពួក កំពុងត្រូវបាន អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បន្តនិតិវិធី។
សង្ឃឹមថារឿងថ្មីនៃមេរៀនចាស់នេះ នឹងក្លាយជាបទពិសោធន៍បន្ថែម ដល់មហាជនឲ្យកាន់តែប្រុងប្រយ័ត្នជាងមុនផងចុះ៕រក្សាសិទ្ធដោយ៖សុទ្ធលី




