Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យជនជាតិវៀតណាម២នាក់ រួមជាមួយវត្តុតាងគ្រឿងញៀនជិត០៧គីឡូក្រាម ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀងបង្ក្រាប

ស្វាយរៀង ÷សាលាដំបូងខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធ ករណីគ្រឿងញៀន ទម្ងន់ ៦ ៣៨២,២០ ក្រាម ប្រព្រឹត្តនៅភូមិបាវិតលើ, ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងខេត្តស្វាយរៀង បានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ៥៩៨ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិននឹងការបង្ក្រាបអំពើជួញដូរគ្រឿងញៀន មួយករណី ដែលមានសារធាតុសង្ស័យជាថ្នាំញៀន សរុប ទម្ងន់ ៦ ៣៨២,២០ ក្រាម(ប្រាំមួយពាន់ បីរយប៉ែតសិបពីរ កណ្ដកសញ្ញាម្ភៃ) ក្រាម ជាប្រភេទៈ មេតំហ្វេ តាមីន,កេតាមីន, អ៊ុចស្តាស៊ី និង ហេរ៉ូអ៊ុន មានជនជាប់ពាក់ព័ន្ឋជាជនជាតិវៀតណាមចំនួន៦នាក់ មានខ្លួន ចំនួន២នាក់ និងរត់គេចខ្លួនចំនួន៤នាក់ ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទៈ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់គ្រាប់រំសេវដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិបាវិតលើ និងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ តាមមាត្រា ៤០ កថាខណ្ឌទី៣,ទី៤,ទី៧ មាត្រា ៤៥ កថា ខណ្ឌទី១ មាត្រា ៤៨ កថាខណ្ឌទី៣,ទី៤,ទី៦ មាត្រា ៥៣ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង មាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ។

បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទមានខ្លួនចំនួន ២នាក់ដូចខាងលើ នៅ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ២៨៨១៤.ឃខ/២៥ និង លេខៈ២៨៨៣ ប.ឃខ/២៥ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តស្វាយរៀង ដោយឡែកជនត្រូវចោទដែល រត់គេចខ្លួនចំនួន៤នាក់ទៀត ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត។

អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង
លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជនជាតិវៀតណាម÷
១.ឈ្មោះ ឡេ ថាន់យី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត
២.ឈ្មោះ ង៉ូ ចុងហួយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត
ដកហូតចាប់យកសម្ភារៈវត្ថតាងសរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៦គីឡូ៨៣៥,៧៨ក្រាម ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។
បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×