សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ចប់ទស្សនកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា ស្របជាមួយនឹង ការចូលរួមខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ បានជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំវៀតណាមមួយចំនួន រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់ មិន ប្រធានរដ្ឋសភា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី។
ក្នុងជំនួបខាងលើ ថ្នាក់ដឹកនាំវៀតណាមបានសម្តែងនូវការពេញចិត្ត និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចត់ជោ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមពិធីប្រារព្ធទិវាជាប្រវត្តិសាស្ត្រដ៏សំខាន់ៗ របស់វៀតណាម។ នេះជាសក្ខីភាពនៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ជ័យជម្នះជាប្រវត្តិសាស្ត្រអស់រយៈពេល ៨០ឆ្នាំមកនេះ មិនត្រឹមជាសមិទ្ធផលដ៏ធំធេងរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែជាចលនាជំរុញមួយនៅក្នុង តំបន់ និងពិភពលោក ហើយការប្រកៀកស្មាគ្នាប្រឆាំងនឹងអាណានិគមរួម និងការជួយគ្នាទៅវិញទៅមក ក្នុង បុព្វហេតុរំដោះប្រទេសជាតិពីអាណានិគម ហើយបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍជាតិ ឱ្យមានការ រីកចម្រើនលើគ្រប់វិស័យរហូតដូចបច្ចុប្បន្ន សម្រាប់កម្ពុជា-វៀតណាម-ឡាវ ពិតជាគុណតម្លៃនៃសច្ចធម៌ គួរជាទីមោទកៈ និងមិនអាចបំបាត់បាន និងដែលត្រូវបន្តពង្រឹង ថែរក្សា និងពូនជ្រុំបន្ថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ ល្អប្រសើរលើគ្រប់វិស័យ និងគ្រប់កម្រិត ទាំងរវាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ គណបក្ស និងរវាង ប្រជាជននៃប្រទេសទាំងពីរ ដែលបានផ្តល់អត្ថប្រយោជន៍ជាក់ស្ដែងដ៏ច្រើនលើសលប់។ ដោយឈរលើ មូលដ្ឋាននៃការរីកចម្រើននេះ ភាគីទាំងពីរបានឯកភាពលើកកម្ពស់ទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យ កាន់តែខ្ពស់មួយកម្រិតទៀត ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហ- ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដើម្បីសុខុមាលភាព និងវិបុលភាពយូរអង្វែងជូន ប្រជាជន និងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនងរវាងបក្សនៃប្រទេសទាំងពីរពិតជាមានការ រីកចម្រើនខ្លាំងក្លា និងកំពុងដើរតួនាទីជាប្រទីបបំភ្លឺ និងផែនទីចង្អុលផ្លូវសម្រាប់ការងាររដ្ឋ ក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្ម និងចំទិសដៅ ។
ភាគីទាំងពីរបានឯកភាពជំរុញ បន្ថែមទៀតនូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាគ្រប់កម្រិតឱ្យកាន់តែញឹកញាប់ ដែល នេះជាផ្នែកមួយនៃការពង្រឹងការជឿទុកចិត្តផ្នែកនយោបាយដ៏ធំធេង និងជួយឱ្យកិច្ចសហប្រតិបត្តិការ ទ្វេភាគីកាន់តែស៊ីជម្រៅ និងមានផ្លែផ្កាច្រើន។ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តប្រកាន់ខ្ជាប់គោលការណ៍មិន អនុញ្ញាតឱ្យកម្លាំងណាមួយមកបំបែកបំបាក់មិត្តភាពរបស់ប្រទេសទាំងពីរ ឬប្រើប្រាស់ទឹកដីរបស់ប្រទេស
មួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ និងរួមគ្នាប្រឆាំងនឹងបដិវត្តន៍ពណ៍ឱ្យបានជាដាច់ខាត។
ក្នុងការបន្តទាញយប្រយោជន៍ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលបំពេញឱ្យគ្នា ទៅវិញទៅមក ភាគីទាំងពីរបានឯកភាពបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារអាម៉េរិក នារយៈពេលប៉ុន្មានឆ្នាំដ៏ខ្លីខាងមុខនេះ ព្រមទាំងជំរុញក្រសួងនិងស្ថាប័ន ពាក់ព័ន្ធនៃប្រទេសទាំងពីរសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីសម្រេចឱ្យបានឆាប់នូវការងារអាទិភាព សំខាន់ៗ ដែលជាកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរ រួមមាន ការរៀបចំសម្ភោធជាផ្លូវការនូវច្រកទ្វារ អន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឹនណាម(តៃនិញ) ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីទាំងពីរ និងការ កំណត់ចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងហូជីមិញ-ម៉ុកប។
ភាគីទាំងពីរក៏បានជំរុញកិច្ចសហការលើវិស័យគន្លឹះៗសម្រាប់ការកសាងសេដ្ឋកិច្ច-សង្គមន ប្រទេសទាំងពីរ (កម្ពុជា វៀតណាម) ឱ្យកាន់តែទំនើប និងស៊ីវិល័យ រួមមាន ការពារជាតិ សន្តិសុខ វិនិយោគ ធុរកិច្ច ឧស្សាហកម្ម ទូរគមនាគមន៍ សុខាភិបាល អប់រំ ទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជន។
ក្នុងបរិបទនៃពិភពលោកពោរពេញដោយភាពប្រឈមខ្ពស់ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងបញ្ហាតំបន់ដែលមានផលប្រយោជន៍និង ជាកង្វល់រួម។ សម្តេចតេជោ បានគូសបញ្ជាក់នូវតួនាទីដ៏សំខាន់របស់អាស៊ាន ជាពិសេសប្រធានអាស៊ាន (ម៉ាឡេស៊ី) ជាមួយនឹងកិច្ចសហការរៀបចំដោយសហរដ្ឋអាម៉េរិក និងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋ ប្រជាមានិតចិន ដែលសម្រេចបាននូវបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាសារៈសំខាន់ន ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដ៏ចាំបាច់ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងជួយដល់ការធ្វើឱ្យ មានប្រក្រតីភាពឡើងវិញបានឆាប់។ ថ្នាក់ដឹកនាំវៀតណាមបានសម្តែងការគាំទ្រចំពោះបទឈប់បាញ់និង ការសង្កេតការណ៍បទឈប់បាញ់ដែលមានប្រសិទ្ធភាព ហើយចង់ឃើញព្រំដែនកម្ពុជា-ថៃ ជាព្រំដែន សន្តិភាព និងមានភាពប្រក្រតីឡើងវិញ តាមរយៈការដោះស្រាយដោយសន្តិវិធី តាមការចរចា ការទូត និងស្របតាមច្បាប់អន្តរជាតិ។
ក្នុងឱកាសកម្មវិធីផ្លូវការដ៏មមាញឹកនៅទីក្រុងហាណូយ សម្ដេចតេជោក៏បានអញ្ជើញចូលរួមពិសា អាហារថ្ងៃត្រង់គណបក្សទាំងបី កម្ពុជា-វៀតណាម-ឡាវ រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្ស កុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ថង់ លុនស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ប្រកបដោយមិត្តភាព ភារតភាព និងស្និទ្ធស្នាល ជាទីបំផុត។ ថ្នាក់ដឹកនាំគណបក្សទាំងបីឯកភាពបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស ទាំងបី ឱ្យកាន់តែស្អិតល្មួត និងស៊ីជម្រៅ និងគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងការងារកសាង និង អភិវឌ្ឍន៍ប្រទេសឱ្យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររៀងៗខ្លួន។ សម្តេចតេជោ បានបង្ហាញពីការត្រៀម ខ្លួនរបស់កម្ពុជា ក្នុងរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សទាំងពីរកម្ពុជា-វៀតណាម និងកិច្ចប្រជុំ កំពូលរវាងគណបក្សទាំងបី កម្ពុជា-វៀតណាម-ឡាវ នៅរាជធានីភ្នំពេញ់ នៃព្រះរាជាណាចក្រកម្ពុជាតាមការគ្រោងទុក។
ទស្សនកិច្ចលើកទី៣ នៅក្នុងឆ្នាំ២០២៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង នាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលនេះ ជាការបញ្ជាក់ច្បាស់នូវភាពរឹងមាំស្ថិតស្ថេរនៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុងដំណើររួមគ្នាបន្ត ជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវសមិទ្ធផលរួម និងរួម ចំណែកសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕រក្សាសិទ្ធដោយ៖សុទ្ធលី




