ភ្នំពេញ ៖ ក្រោមការអនុវត្តទទួលបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារព្រហ្មទណ្ឌ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំធ្វើការបង្ហាញមុខជនសង្ស័យចំនួន២២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស១៦ករណីផ្សេងគ្នា ដែលត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ (ពោធិ៍សែនជ័យ , ខណ្ឌមានជ័យ , ខណ្ឌ៧មករា , ខណ្ឌដង្កោ,ខណ្ឌឬស្សីកែវ និងខណ្ឌកំបូល) ដែលបានធ្វើការបង្ក្រាបក្នុងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងចំណោមជនសង្ស័យទាំង២២នាក់ (មានសារធាតុញៀន ១០នាក់) ពាក់ព័ន្ធករណីប្លន់ម៉ូតូ ,ករណីលួច ,ករណីហិង្សាដោយចេតនា , ករណីឆក់ទ្រព្យសម្បត្តិ ,ករណីធ្វើឲ្យខូចខាតដោយចេតនា និងករណីរំលោភលើទំនុកចិត្ត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី




