Thursday, September 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាស្តង់ដារជាតិអនុម័តស្តង់ដារថ្មីចំនួន ២១ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា

រាជធានីភ្នំពេញ ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ ជាស្តង់ដារកម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៣១ របស់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ។

ស្តង់ដារអន្តរជាតិ ISO, IEC និង ISO/IEC ទាំង២៤ គ្របដណ្តប់លើផ្នែកសារធាតុនិងផលិតផលគីមី ផ្នែកប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនីនិងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង ផលិតផលសង្ហារឹមធ្វើពីឫស្សី និងផ្នែកវាយនភ័ណ្ឌ។

ឯកឧត្តម ហែម វណ្ណឌី​ បានលើកឡើងថា៖ “ស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា ពិសេសខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លាកំពុងគាំទ្រដល់ការផលិតក្នុងស្រុក។ តាមរយៈការអនុលោមតាមស្តង់ដារទាំងនេះ ធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងសកល ទន្ទឹមនឹងនោះចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើង។”

ទន្ទឹមនឹងការពិនិត្យ និងអនុម័តស្តង់ដារ ក្រុមប្រឹក្សាជាតិក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្របសម្រួល និងលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងសកម្មភាពស្តង់ដារូបនីយកម្មអន្តរជាតិ នៅក្រោមក្របខ័ណ្ឌស្ថាប័នស្តង់ដារអន្តរជាតិ ដូចជា ISO, IEC និង Codex ។ ការកែសម្រួលនេះស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំចូលជាសមាជិកពេញសិទ្ធរបស់អង្គការស្តង់ដារអន្តរជាតិ ISO និងជាសមាជិកសហការ (associate member) របស់អង្គការ IEC ត្រឹមឆ្នាំ២០២៦ ខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×