Friday, September 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរខួប ៧៥ ឆ្នាំនៃភាពជាដៃគូររវាងសហរដ្ឋអាមេរិក និងកម្ពុជា , អាមេរិកនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជាដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មានឲ្យដឹងថា លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក បានជួបប្រជុំជាមួយប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន នៅថ្ងៃនេះ ដើម្បីបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងខួបលើកទី៧៥ ឆ្នាំនៃទំនាក់ទំនងទ្វេភាគីដ៏រឹងមាំនេះ។

ភាគីទាំងពីរ បានពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងរកវិធីសាស្រ្តដើម្បីធានាសន្តិភាពយូរអង្វែង។ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រធានាធិបតី ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក ដែលជួយធានាឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំពោះជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះ ដោយរួមមានអាហារបន្ថែមជាង ៥០ ម៉ឺនដុល្លារអាមេរិកសម្រាប់ស្ត្រី និងកុមារដែលរងផលប៉ះពាល់ ការផ្តល់ឧបករណ៍សម្រាប់ជួយសង្គ្រោះជីវិតម្តាយនិងកុមារ ថ្នាំលាបការពារមូសចំនួន ៣ម៉ឺនដប និងមុងចំនួន ២០ម៉ឺន ដើម្បីបង្ការការរីករាលដាលជំងឺគ្រុនចាញ់ និងថវិកាជំនួយដល់ថ្នាក់រៀនជាង ៥០០ ដើម្បីឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់។

សម្តេច ហ៊ុន សែន បានកោតសរសើរសហរដ្ឋអាមេរិកចំពោះភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា និងជាប្រទេសដំបូងដែលទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជានៅឆ្នាំ ១៩៥០។ ការពិភាក្សាក៏បានផ្តោតលើអាទិភាពសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាការប្តេជ្ញារបស់កម្ពុជាក្នុងការទទួលយកជនជាតិខ្លួនដែលរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញ និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលក្លែងបន្លំតាមអនឡាញ។
ក្នុងឱកាសនៃការអបអរសាទរខួបទី ៧៥ ឆ្នាំនៃមិត្តភាពនេះ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជាដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ និងមានសុវត្ថិភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×