អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថាៈ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ផ្ដើមគំនិតក្នុងអំពើលួច និងអំពើលួច (មានស្ថានទម្ងន់ទោសដោយសារមរ ណភាពនៃជនរងគ្រោះ) ប្រព្រឹត្តដោយជនសង្ស័យ ៣នាក់ និងករណី ទទួលផលចោរកម្ម ប្រព្រឹត្តដោយជន សង្ស័យ ១នាក់ នៅចំណុចទីតាំងផ្ទះទិញ-លក់អេតចាយមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ។
ដើមហេតុនៃករណីនេះ, កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យចំនួន ៣នាក់ ភេទប្រុស ១/ឈ្មោះ ស៊ិន លាងហួរ, ២/ឈ្មោះ គង់ សុជា និង ៣/ឈ្មោះ សុខ ណាង បានរៀបចំគម្រោងការ ដើម្បីចេញទៅ ប្លន់នៅផ្ទះរបស់ជនរងគ្រោះឈ្មោះ ង៉ូវ ឡុង ភេទប្រុស (ជាអតីតថៅកែរបស់ជនសង្ស័យឈ្មោះ ស៊ិន លាងហួរ) ។
លុះដល់ថ្ងៃទី៣១ ខែឆ្នាំដដែល ជនសង្ស័យទាំងបីនាក់ ក៏បានជិះម៉ូតូ ម៉ាក WAVE ពណ៌ក្រហម គ្មានផ្លាកលេខ ទៅ ទីតាំងផ្ទះទិញ-លក់អេតចាយខាងលើ ។ អំឡុងពេលជនសង្ស័យទាំងបីនាក់ បានចូលដល់ក្នុងផ្ទះរបស់ជនរងគ្រោះ ខណៈពេលនោះ គឺជនរងគ្រោះកំពុងសម្រាកនៅលើគ្រែក្នុងបន្ទប់ ហើយដើម្បីជៀសវាងពីការស្រែករកជំនួយ ដោយជនរងគ្រោះ, ជនសង្ស័យឈ្មោះ គង់ សុជា និងឈ្មោះ សុខ ណាង ក៏បានទៅចាប់ជនរងគ្រោះជាប់នៅលើគ បន្ទាប់មកជនសង្ស័យឈ្មោះ ស៊ិន លាងហួរ ជាអ្នកធ្វើសកម្មភាពលួចយកទ្រពសម្បត្តិដែលមានតម្លៃនៅក្នុងផ្ទះ តែម្ដង ។ អំឡុងពេលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពលួចនោះ ជនរងគ្រោះក៏បានព្យាយាមរើបម្រាស់ និងមាន បំណងស្រែកឱ្យគេជួយផងដែរ ប៉ុន្តែត្រូវបានជនសង្ស័យឈ្មោះ សុខ ណាង និងឈ្មោះ គង់ សុជា វាយទៅលើជនរ ងគ្រោះយ៉ាងដំណំ ត្រូវចំត្រង់ដើមទ្រូង ជាច្រើនដៃ, យកជើងធាក់ចំកណ្ដាលផ្ទៃមុខ ជាច្រើនជើង និងប្រើដៃវាយ ទៅលើដងខ្លួនរបស់ជនរងគ្រោះ ជាច្រើនដៃ បណ្តាលឱ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ មិនអាចរើបម្រាស់ តតាំងជាមួយក្រុមជនសង្ស័យបាន (ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ។
ក្នុងសកម្មភាពចូលទៅប្លន់ក្នុងទីតាំងផ្ទះខាងលើ ជនសង្ស័យទាំងបីនាក់ លួចបានទ្រព្យសម្បត្តិមួយចំនួន រួមមាន ជាអាទិ៍ ហិបឈើសម្រាប់ដាក់លុយ, ទូដែកសុវត្ថិភាព, ទូរសព្ទដៃ, ដុំផ្ទុកទិន្ន័យ និងសម្ភារៈមួយចំនួនទៀត។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវលើករណីនេះ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ទើបឈានដល់កំណត់បានពីមុខសញ្ញាជាប់ពាក់ព័ន្ធ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ៖ ១/ឈ្មោះ ស៊ិន លាងហួរ, ២/ឈ្មោះ គង់ សុជា, ៣/ឈ្មោះសុខ ណាង និង ៤/ឈ្មោះ CAO THINGOC YAO ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបីនាក់ បានឆ្លើយថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ យកទ្រព្យសម្បត្តិក្នុងផ្ទះទិញ-លក់អេតចាយ ខាងលើប្រាកដមែន ដោយពួកខ្លួនបានរៀបចំគម្រោងការទុកជាមុន រយៈពេលប្រហែល ១សប្ដាហ៍ ។ ជនសង្ស័យឈ្មោះ ស៊ិន លាងហួរ ជាអ្នកផ្តើមគំនិត ដោយសារតែកន្លងមកគ ធ្លាប់ធ្វើការងារនៅទីនោះ និងបានស្គាល់ច្បាស់ពីទីតាំង ព្រមទាំងដឹងថាជារៀងរាល់ពេលចុងសប្តាហ៍ កូនៗរបស់ ជនរងគ្រោះ តែងតែនាំគ្នាទៅដើរលេងអស់ មានតែជនរងគ្រោះម្នាក់ប៉ុណ្ណោះនៅក្នុងផ្ទះ ។ ទើបជាហេតុ នៅថ្ងៃ កើតហេតុខាងលើ ក្រុមជនសង្ស័យក៏បាននាំគ្នាធ្វើសកម្មភាពតែម្ដង ។ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចបាន សម្រេចហើយ ពួកគេទាំង ៣នាក់ ក៏បាននាំគ្នាគេចខ្លួនមកបន្ទប់ស្នាក់នៅរបស់ជនសង្ស័យឈ្មោះ ស៊ិន លាងហួរ ដើម្បីចែកលុយគ្នា ។
អំឡុងពេលកំពុងចែកលុយគ្នា ឈ្មោះ CAO THINGOC YAO ជនជាតិវៀតណាម ត្រូវជា ប្រពន្ធរបស់ជនសង្ស័យឈ្មោះ ស៊ិន លាងហួរ ក៏បានមកឃើញផងដែរ ។ បន្ទាប់មកពួកគេទាំងបីនាក់ក៏បាននាំគ្ន ប្រមូលវត្ថុដែលលួចបានទាំងនោះ យកទៅចែកគ្នាក្នុងបន្ទប់របស់ឈ្មោះ សុខ ណាង វិញម្ដង និងបានយកហិប ឈើដាក់លុយដែលពួកគេលួចបាននោះមកបើកមើល ឃើញមានប្រាក់រៀលជាច្រើន ពួកគេក៏បានចែកប្រាក់គ្នា ក្នុងម្នាក់ៗបានចំនួន ៨.០០០.០០០ (ប្រាំបីលាន) រៀល ។ ក្រោយមកជនសង្ស័យឈ្មោះ ស៊ិន លាងហួរ ក៏បាន យកលុយដែលលួចបាន ឱ្យទៅប្រពន្ធរបស់គេឈ្មោះ CAO THINGOC YAO ចំនួន ១.០០០.០០០ (មួយលាន) រៀល និងលុយដុល្លារចំនួន ១០០ (មួយរយ) ដុល្លារអាមេរិក ទុកទូទាត់សងថ្លៃជំពាក់អីវ៉ាន់របស់គេ ។ រហូតដល់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ជនសង្ស័យទាំង ៤នាក់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានតែម្ដង ។
ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាង ពាក់ព័ន្ធក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យ ១/ឈ្មោះ ស៊ិន លាងហួរ ពីបទៈ ផ្ដើមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ, ២/ឈ្មោះគង់ សុជា និង ៣/ឈ្មោះ សុខ ណាង ពីបទៈ លួចមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ និង ៤/ឈ្មោះ CAO THINGOC YAO ពីបទៈ ទទួលផលចោរកម្ម, តាមបញ្ញត្តិមាត្រា ២៨, មាត្រា ៣៥៣, មាត្រា ៣៦០, មាត្រា ៣៩៩ និងមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ បញ្ចូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៩០៦ អ.យ.ធ/២៥ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បី ចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
