ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារអបអរសាទរជូនលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីទី៣២របស់ប្រទេសថៃ។លិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តមដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣២នៃព្រះរាជាណាចក្រថៃ។ ជ័យជម្នះរបស់អ្នកគឺជាការឆ្លុះបញ្ចំាងមួយពីការជឿទុកចិត្ត យ៉ាងរឹងមាំចំពោះភាពជាមេដឹកនាំរបស់ឯកឧត្តម។ ខ្ញុំជឿជាក់ថានៅក្រោមភាពជាមេដឹកនាំដ៏ប៉ិនប្រសប់ និងពេញដោយសមត្ថភាព ព្រះរាជាណាចក្រថៃ នឹងសម្រេចបានភាពរីកចម្រើនដ៏អស្ចារ្យ។
ទាំងកម្ពុជា និងថៃគឺជាអ្នកជិតខាងនឹងគ្នាផ្អែកលើកត្តាទីតាំងភូមិសាស្ត្រ និងជាសមាជិកអាស៊ានដូចគ្នា។ សន្តិភាព ការរួមរស់នៅជាមួយគ្នាដោយភាពសុខដុម និងការរីកចម្រើនជាមួយគ្នារវាង ប្រទេសទាំង២ គឺជាក្ដីប្រាថ្នារបស់ប្រជាជននៃប្រទេសរបស់យើងទាំង២។
ដូច្នេះខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថាតាមរយៈការប្ដេជ្ញាចិត្តរួមគ្នារបស់ពួកយើងចំពោះការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនយើងទាំង២នឹងរីករាយនឹងភាពរីកចម្រើន និងរស់នៅក្នុងភាពសុខដុម ព្រមទាំងមានសុភមង្គល។ ជាមួយសា្មរតីនេះ ខ្ញុំទន្ទឹមរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តមដើម្បីស្ដារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ក៏ដូចជាកសាងឡើងវិញនូវការជឿជាក់គ្នាទៅវិញទៅមក និងផ្លាស់ប្ដូរព្រំដែនជាប់គ្នារវាង ព្រះរាជាណាចក្រយើងទាំង២ឱ្យមានសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការរីកចម្រើនជាមួយគ្នា។
សូមឯកឧត្តមទទួលយកការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងសូមជូនពរឱ្យឯកឧត្តមជោគជ័យគ្រប់ភារកិច្ច»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

