ភ្នំពេញ៖ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ Louise Araneta-Marcos អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា តបតាមការយាងអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម Ferdinand Romualdez Marcos Jr. នឹងអញ្ជើញ ជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម Marcos Jr. និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់អារម្មណ៍រួម ក្នុងនោះឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះផងដែរ។
នៅរសៀលថ្ងៃដដែលនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបង្ហោះសារក្នុងបណ្តាញសង្គមផ្លូវការ ស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ និងសូមឱ្យទស្សនកិច្ចនេះប្រកបដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន នៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





