Tuesday, September 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមិទ្ធផលថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា នោះគឺ «អាកាសយានដ្ឋានអន្តរជាតិតេជោ»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះបានក្លាយជាពេលវេលាសំខាន់មួយសម្រាប់ប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ ដោយអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមបើកប្រតិបត្តិការជាផ្លូវការដំបូង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការទន្ទឹងរង់ចាំយូរឆ្នាំរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែជាការបង្ហាញពីជំហានដ៏ធំរបស់ប្រទេសកម្ពុជាក្នុងវិស័យអាកាសចរណ៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីសរុបប្រមាណ ២.៦០០ ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកមួយទៀតនៅស្រុកបាទី ខេត្តតាកែវ។ ការរៀបចំទីតាំងដ៏ធំទូលាយនេះ មានគោលបំណងឲ្យអាកាសយានដ្ឋានអាចឆ្លើយតបនឹងតម្រូវការកើនឡើងនៃអ្នកដំណើរនិងទំនិញអន្តរជាតិ។

បើទោះបីជាបានបើកប្រតិបត្តិការហើយក្តី តែពិធីសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ។ ពិធីនេះនឹងក្លាយជាការបង្ហាញជាផ្លូវការឱ្យពិភពលោកឃើញពីសមត្ថភាពថ្មីរបស់កម្ពុជា ក្នុងការទទួលភ្ញៀវទេសចរ និងអ្នកដំណើរចេញ–ចូលប្រទេសជាច្រើនលាននាក់ក្នុងមួយឆ្នាំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បានមានប្រសាសន៍ថាថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយទៀត នៃប្រវត្តិសាស្រ្តអាកាសចរណ៍ស៊ីវិលរបស់ខ្លួន ដោយបើកឱ្យដំណើរការនូវអាកាសយានដ្ឋានខ្នាតយក្ស ប្រភេទ 4F ដែលបង្ហាញពីការអភិវឌ្ឍ និងសមត្ថភាពរបស់កម្ពុជាក្នុងការទទួលជើងហោះហើរដែលកាន់តែមមាញឹកឡើង។ ការពង្រីកអាកាសយានដ្ឋាន គឺជាសក្ខីភាព នៃការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងដឹកជញ្ជូន។ ដោយមានចក្ខុវិស័យដឹកនាំច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រះរាជាណាចក្រកម្ពុជា បោះជំហានឆ្ពោះទៅមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ជាកូនខ្មែរ។ នេះជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កូនខ្មែរក្នុងការកសាងសមិទ្ធផលជាប្រវត្តិសាស្រ្តនៅគ្រប់សម័យកាល។

ជាមួយនឹងអាកាសយានដ្ឋានដ៏ថ្មី និងប្រណីតនេះ កម្ពុជាកំពុងឈរលើទីតាំងដ៏អំណោយផលមួយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរពីគ្រប់ទិសទី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×