Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង ជាជំហ៊ានមួយទៀតនៃការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ និងជាការពង្រឹងសមត្ថភាពរបស់ខ្មែរយើង

ភ្នំពេញ ៖​ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កន្លងមកក្រសួងមុខងារសាធារណៈ បានអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈជាបន្តបន្ទាប់ ទាំងការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី ក្នុងស្មារតី«ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» រួមទាំងការអនុវត្តជាជំហ៊ានៗ នូវការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ក្នុងអភិក្រម «ពង្រឹងជាជាងពង្រីក និងរៀបចំផ្ទះឱ្យរៀបរយ»។ កិច្ចការងារទាំងនេះ កំពុងលេចចេញបានជាសមិទ្ធផលជាបន្តបន្ទាប់ ជូនរាជរដ្ឋាភិបាល ដូចជាការរួមចំណែកលើការគ្រប់គ្រងបន្ទុកបុគ្គលិក សន្សំសំចៃថវិកាជាតិ កាត់បន្ថយការរីកប៉ោងរចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាពមន្ត្រី ក៏ដូចជាការនាំមកនូវវប្បធម៌ការងារក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ជាដើម។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់គណៈកម្មាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង
ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងបន្តទៀតថា ការងារចំពោះមុខមួយទៀត ដែលក្រសួងមុខងារសាធារណៈ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន គឺការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ការធ្វើជំរឿនមន្ត្រី ជាការផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមូលទិន្នន័យជាក់លាក់។ ទិន្នន័យនោះ ជាទិន្នន័យរួមដែលមានភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព អាចជឿទុកចិត្តបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការប្រើប្រាស់ជារួម នៅក្នុងប្រព័ន្ធរួមតែមួយ នៃរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ហើយដែលអាចជួយយើងដោះស្រាយបញ្ហានានាឱ្យចំចំណុចផងដែរ។ ខ្ញុំក៏សូមយកឱកាសនេះ គូសបញ្ជាក់សារជាថ្មីដែរថា ការធ្វើជំរឿនមន្ត្រីនាពេលនេះ មិនមែនជាការស្វែងរកកំហុស លើទិន្នន័យឯកសារចាស់ៗ ដើម្បីមានចំណាត់ការវិន័យនោះទេ។ ដូច្នេះ សូមកុំមានការព្រួយបារម្ភ និងសូមចូលរួមទាំងអស់គ្នា។

ឯកឧត្តម​ បានបន្ថែមថា ស្ថានភាពបច្ចុប្បន្ន បានក្រើនរំលឹកយើងសារជាថ្មីថា គ្មានអ្វីក្រៅពីការពង្រឹងខ្លួនឯងនោះទេ ហើយក៏គ្មានអ្នកដទៃណាមកជួយយើង ក្រៅពីការដែលយើងត្រូវពង្រឹងសមត្ថភាពខ្លួនឯងនោះដែរ។ ក្នុងន័យនេះ ការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពរបស់យើងខ្លួនឯង។

បើតាមរបាយការណ៍របស់ក្រុមការងារបានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃនេះតទៅ តាមរយៈការសហការធ្វើបច្ចុប្បន្នភាពនិងផ្ទៀងផ្ទាត់ព័ត៌មានលើថ្នាលឌីជីថល មុនពេលដែលត្រូវចុះធ្វើប្រតិបត្តិការជំរឿននៅតាមទីតាំងជាក់ស្តែងជាបន្តបន្ទាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×