ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៨នាក់ (ស្រី ១០នាក់) មកពីប្រទេស និងតំបន់ចំនួន ៤រួមមាន៖ ជនជាតិកូរ៉េខាងត្បូង ៣៣នាក់ (ស្រី ៥នាក់) នេប៉ាល់ ១នាក់ (ប្រុស) បង់ក្លាដែស ១នាក់ (ប្រុស) និងខ្មែរ ១៣នាក់ (ស្រី ៥នាក់) ។
ការឃាត់ខ្លួនជនសង្ស័យទាំងនោះ ក្រោយពេលកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ អគារខុនដូរ HANA Apartment ដែលមានកម្ពស់៧ជាន់ នៅផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងប្រមូលផ្តុំជនបរទេសខុសច្បាប់ វេលាម៉ោង១៣រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ។
ប៉ូលិសក៏បានរឹបអូសបានវត្ថុប្រើប្រាស់មួយចំនួនធំដែលប្រើក្នុងការបន្លំតាមប្រព័ន្ធអ៊ីនធឺណិតក្នុងនោះមានកុំព្យូទ័រចំនួន ៦០គ្រឿង និងលិខិតឆ្លងដែនចំនួន ៣៥ ។
ជនសង្ស័យទាំង ៤៨នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







