ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរួមចំណែកដល់ការលើកស្ទួយ កំណើនសេដ្ឋកិច្ចជាតិ។ សម្តេចតេជោ បានដឹកនាំឱ្យមានកំណែទម្រង់ជាបន្តបន្ទាប់ក្នុង វិស័យកសិកម្ម ដែលជាលទ្ធផលបានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសដែលខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងពីបរទេស ទៅជាប្រទេសកសិកម្មរីកចម្រើន មានសន្តិសុខស្បៀង ពេញលេញ មានផលិតផលកសិកម្មសម្បូរបែប និងនាំចេញកសិផលរាប់លានតោនទៅបរទេស ដែលមិនត្រឹមតែនាំមកវិញនូវរូបិយបណ្ណបរទេស ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកធានាសន្តិស្បៀងក្នុងតំបន់ និងពិភពលោក ថែមទៀតផង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ស្វាហាប់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពដល់វិស័យកសិកម្ម ជាពិសេសការធានាសន្តិសុខស្បៀងក្នុងគ្រប់កាលៈ ទេសៈ។ ទោះបីជា សេដ្ឋកិច្ចកម្ពុជាបានឈានដល់កម្រិត និងដំណាក់កាលថ្មីនៃការអភិវឌ្ឍ តាម រយៈការស្ទុះឡើងក្នុងវិស័យនានា ដូចជា ឧស្សាហកម្មវាយនភណ្ឌ ទេសចរណ៍ សេវាកម្ម ហិរញ្ញវត្ថុ សំណង់ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តចាត់ទុកសន្តិសុខស្បៀងគឺជាមូលដ្ឋានដ៏ សំខាន់ក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គមដដែល។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលក្នុងនោះ កម្មវិធីទី៥ និងទី៦ ផ្តោតលើការបង្កើនល្បឿននៃការអភិវឌ្ឍវិស័យកសិកម្ម សំដៅបន្តធានា សន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេស ក្នុងបរិបទថ្មីនេះដែលការវិវត្តយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្រ្ត នយោបាយក្នុងតំបន់ និងពិភពលោក រួមទាំងសង្គ្រាមផងដែរ បាននិងកំពុងជះឥទ្ធិពលកាន់ តែខ្លាំង និងពិបាកវាយតម្លៃជាមុនបាន ដល់កត្តាទីផ្សារ និងតម្លៃនៃផលិតផល រួមទាំងផលិតផល កសិកម្មកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជំរុញការអនុវត្តបានយ៉ាងល្អប្រសើរនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងវិស័យកសិកម្ម។ ជាក់ស្តែង ដើម្បីរក្សាលំនឹងថ្លៃកសិផលដែលត្រូវការថវិកាត្រៀមបម្រុងចំនួន ១០០លានដុល្លារ រាជរដ្ឋាភិបាលបានបញ្ចេញ ថវិកាចំនួន៤លើក ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាពលរដ្ឋ ដែលលើកទី១ ចំនួន ២៨,៥លានដុល្លារ, លើកទី២ ចំនួន ៤០លានដុល្លារ ក្នុងឆ្នាំ២០២៤, លើកទី៣ ចំនួន ៣០លានដុល្លារនៅដើមឆ្នាំ២០២៥ និងលើកទី៤ ចំនួន ២០លានដុល្លារ ក្នុងរដូវប្រមូលផលចាប់ពី ខែសីហា កន្លងមកនេះ ដើម្បីគាំទ្រដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ក្នុងលក្ខណៈជាកម្ចី បង្វិលសងវិញជាបន្តបន្ទាប់ ក្នុងការបង្កើនការប្រមូលទិញស្រូវជួយដល់បងប្អូនកសិករ ដែល កំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ ដោយសារការប្រែប្រួលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិភពលោក ជាពិសេសការធ្លាក់ថ្លៃអង្ករលើទីផ្សារអន្តរជាតិ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងមន្រ្តីកសិកម្មឃុំទាំងអស់ ដែលបាន និងកំពុងជួយរកទីផ្សារ និងសម្របសម្រួល ការលក់ស្រូវរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី




















