Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន អរគុណចំពោះអង្គការយូណេស្កូ ដែលបានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការការពារ និងអភិរក្ស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានទទួលរងនូវការប៉ះពាល់ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្នុងឱកាសបញ្ចប់បេសកកម្មការងាររបស់ ឯកឧត្តម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរ ឯកឧត្តម Sardar Umar Alam ចំពោះកិច្ចខិតខំប្រឹងប្រែង និងបន្តគាំទ្រកម្ពុជា ជាពិសេស ក្នុងការជំរុញអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា លើវិស័យអប់រំ វប្បធម៌ បរិស្ថាន និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះអង្គការយូណេស្កូ ដែលបានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការការពារ និងអភិរក្ស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានទទួលរងនូវការប៉ះពាល់ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងបានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្ដេជ្ញាចិត្តមោះមុតរបស់កម្ពុជា ដើម្បីបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ នាពេលខាងមុខ។

ឯកឧត្តម Sardar Umar Alam បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល កម្ពុជា ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្ទាល់ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងអំឡុងបេសកកម្មការងាររបស់ឯកឧត្តមនៅកម្ពុជា ដែលនាំមកនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការ ពង្រឹងប្រព័ន្ធអប់រំ ការលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍដោយចីរភាព ព្រមទាំង ការអភិរក្សបេតិកភណ្ឌ វប្បធម៌។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែករបស់អង្គការយូណេស្កូ ក្នុងការធ្វើឱ្យ
ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមានភាពប្រសើរឡើង។
នាឱកាសជំនួបនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ ឯកឧត្តម Sardar Umar Alam ដែលត្រូវបានតែងតាំងជានាយកប្រចាំតំបន់សម្រាប់រដ្ឋប៉ាស៊ីហ្វិករបស់អង្គការយូណេស្កូ និង បានជូនពរ ឯកឧត្តម ទទួលបានជោគជ័យជាបន្តក្នុងភារកិច្ចថ្មី និងការងារនាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×