ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង ឯកឧត្ដមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកព្រលឹមថ្ងៃទី២០ កញ្ញានេះ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ ខណៈដែលពួកគាត់ត្រូវចាកចេញពីភ្នំពេញទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ។
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជាលំដាប់។ ការកើនឡើងពីចំនួនអ្នកជិះរថយន្តក្រុងនេះគឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពផងដែរ។
ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងថា៖ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត អ្វីដែលជាការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ។ជាក់ស្ដែងជារៀងរាល់ឆ្នាំ រដ្ឋាភិបាល តែងតែបង្កើតឲ្យមានសេវាកម្មនៃការដឹកជញ្ជូនប្រជាពរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃនៅក្នុងឱកាសបុណ្យជាតិធំៗម្តងៗ ដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់
ពួកគាត់។
សម្រាប់ឆ្នាំ២០២៤កន្លងមកនេះ ប្រជាពលរដ្ឋ កម្មករកម្មការិនីរោងចក្រ បានទទួលសេវារថយន្តក្រុងពីរដ្ឋបាលរាជធានីភ្នំពេញដោយមិនគិតថ្លៃប្រមាណជាជិត៨ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលបានកាត់នូវការចំណាយជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនេះប្រមាណជាជាងមួយលានពីរសែនដុល្លារ។
គួរបញ្ជាក់ថា៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សំរាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖១-រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ ២-រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅលេងស្រុក កំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧គោលដៅ ព្រមទាំងបាន រៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





























