Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្មចាក់៣៣កាំបិតលើយុវតី១៦ឆ្នាំ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន, ជនដៃដល់យុវតីវ័យ១៧ឆ្នាំ មូលហេតុខឹងជនរងគ្រោះអូសទាញសាច់ញាតិឲ្យរួមមេត្រីជាមួយអ្នកដទៃ

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១៖១៥នាទី មានករណីប្រទះឃើញមនុស្សដេកស្លាប់ សង្ស័យជាករណីឃាតកម្ម នៅចំណុចក្នុងបន្ទប់ដេកស្ថិតនៅភូមិសូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជនរងគ្រោះមានឈ្មោះ ធឿន ជីន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានស្នាមចាក់ដោយកាំបិតលើរាងកាយចំនួន៣៣កន្លែង។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណ របស់ជនសង្ស័យដែលបានធ្វើសកម្មភាពខាងលើ។

លុះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធឿន ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិសូង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ខ្លួនបានទៅទិញកាំបិតចុងស្រួចនៅផ្សារមានតម្លៃ១២០០០រៀល រួចបានទៅធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះខាងលើប្រាកដមែន។ មូលហេតុដោយ ដោយសារតែជនរងគ្រោះ បានអូសទាញសាច់ញាតិរបស់ខ្លួនធ្វើជាអនាចារផ្លូវភេទជាមួយអ្នកដទៃ ទើបធ្វើឲ្យខ្លួនខឹង និងធ្វើសកម្មភាពខាងលើតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អនុវត្តបន្តនីតិវីធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×