ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រព័ន្ធគាំពារសង្គមកម្ពុជា” សម្រាប់ស្ថាប័នសារព័ត៌មាន នៅថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
លោកស្រី Tegan Park តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ទាក់ទងជាមួយនឹងការផ្តល់នូវការគាំពារសង្គមដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ហើយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានធ្វើការងារជាមួយប្រទេសកម្ពុជាច្រើនទស្សវត្សរ៍រួចមកហើយ ហើយយើងបានចាប់ផ្តើមតាមរយៈការជួយ នឹងប័ណ្ណក្រីក្រផ្សេងៗតាំងពីដំបូងមក។
លោកស្រី Tegan Park បានថ្លែងបន្តទៀតថា តាំងពីពេលនោះមកយើងនៅតែជាដៃគូសំខាន់ជាមួយប្រទេសកម្ពុជា នៅក្នុងការរៀបចំឲ្យមានជាប្រព័ន្ធមួយមានលក្ខណៈរឹងមាំដើម្បីមានភាពធន់។ ដៃគូអាឡឺម៉ង់ក្នុងការជួយប្រទេសកម្ពុជាដើម្បីឈានឆ្ពោះទៅជំហ៊ានមួយទៀត ដើម្បីយើងអាចសម្រេចបានគោលការណ៍ផ្សេងទៀត ហើយយើងនិងនិយាយពីក្របខ័ណ្ឌផ្សេងៗស៊ីគ្នានូវចំណុចសំខាន់ដែលស្ថានទូតអូស្រ្តាលីបានជួយដល់ប្រទេសកម្ពុជា ទាក់ទងដល់ការជំរុញសមភាពយ៉េនឌ័រ ។
ក្នុងឱកាសនោះដែរ លោក ស្រេង សោភ័ណ្ឌរស្មី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីសារៈសំខាន់នៃប្រព័ន្ធគាំពារ សង្គម ដែលរួមចំណែកដល់ការផ្សព្វផ្សាយបន្តដល់ក្រុមគោលដៅឱ្យកាន់តែមានសង្គតិភាព និង ប្រសិទ្ធភាព។
គិតចាប់តាំងពីឆ្នាំ២០១៧ មក, រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនលើការអនុវត្ត និងការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គមដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់។ ចាប់តាំងពីការចាប់ផ្តើមអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានពង្រីកវិសាលភាពលើសមុនជាង ២ដង ខណៈការគ្របដណ្តប់ពលរដ្ឋបានកើន ពីចំនួន ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ ដល់ជាង ៧,៥លាននាក់ ក្នុងឆ្នាំ២០២៤។
ក្នុងគោលបំណងធានានិរន្តរភាពនៃការបន្តតម្រង់ទិសការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រសើរសម្រាប់រយៈពេល ១១ឆ្នាំបន្តទៀត, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ត្រូវបានដាក់ឱ្យអនុវត្ត ដោយបានធ្វើការផ្លាស់ប្តូរពីអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមបែបសរសរស្ដម្ភ ទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងការផ្តល់កិច្ចគាំពារ តាមហានិភ័យនៃវដ្តជីវិតទាំង៧ រួមមាន៖ មាតុភាព និងហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រក, និង ជរាភាព និងឧត្តរជីវី ដោយកំណត់នូវទិសដៅអន្តរាគមន៍គាំពារសង្គម តាមដំណាក់កាលនីមួយៗ ក៏ដូចជាកំណត់ វិធានការគោលនយោបាយសម្រាប់កិច្ចការឆ្លងវិស័យពាក់ព័ន្ធ ដើម្បីជួយជំរុញដំណើរការនៃការអភិវឌ្ឍ និង ធានាមិនបង្កភាពរាំងស្ទះដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម។
ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ កំណត់គោលដៅចម្បងៗ ដូចខាងក្រោម៖
ពង្រឹងអភិបាលកិច្ចប្រព័ន្ធគាំពារសង្គម
ពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់អត្ថប្រយោជន៍គាំពារសង្គមជូនដល់ពលរដ្ឋ
ពង្រីកការគ្របដណ្តប់លើហានិភ័យនៃវដ្តជីវិត និងការឆ្លើយតបនឹងគ្រោះអាសន្ន ឬវិបត្តិនានា រួមទាំង ការប្រែប្រួលអាកាសធាតុ
ពង្រឹងការកំណត់អត្តសញ្ញាណអត្ថគាហក និងចុះបញ្ជីគាំពារសង្គមប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងអាចឆ្លើយតបនឹងតម្រូវការ
កសាងភាពធន់នៃប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូល។
ខណៈពេលដែលវិសាលភាពនៃប្រព័ន្ធគាំពារសង្គមកាន់តែរីកធំជាបន្តបន្ទាប់, ការជំរុញការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និង អត្ថប្រយោជន៍នៃរបប និងកម្មវិធីគាំពារសង្គមនានា ជាកិច្ចការដែលត្រូវបន្តធ្វើតាមយន្តការដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា និងការបង្កើតនូវយន្តការផ្សព្វផ្សាយថ្មីៗ។ នៅក្នុងពិធីបើក «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥», សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក-រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា «កិច្ចការផ្សព្វផ្សាយមានភាពចាំបាច់ណាស់ និងជាសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន, ជាពិសេស ពលរដ្ឋគោលដៅឱ្យបានជ្រាបកាន់តែច្បាស់អំពីអត្ថប្រយោជន៍គាំពារសង្គម ដែលរាជរដ្ឋាភិបាលផ្តល់ជូន និង កិច្ចខិតខំបំពេញការងាររបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ក្នុងការផ្តល់ អត្ថប្រយោជន៍ ជូនពលរដ្ឋគ្រប់រូប»។
ក្នុងន័យនេះ, កម្រងឯកសារ និងព័ត៌មានអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ជាជំនួយស្មារតីដល់អ្នករៀបចំគោលនយោបាយ, ប្រតិបត្តិករ, និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបន្ត ការផ្សព្វផ្សាយ, បណ្តុះបណ្តាល, និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍នៃរបប និង កម្មវិធីគាំពារសង្គម៕ រក្សាសិទ្ថដោយ៖សុទ្ធលី







