រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ បានបើកជាផ្លូវការក្រោមមូលបទ «ជំរុញសេដ្ឋកិច្ចថាមពលស្អាត»។ កម្មវិធីពេញមួយសប្តាហ៍នេះត្រូវបានរៀបចំឡើងដោយអង្គការ EnergyLab សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការ UNDP ដើម្បីផ្តល់ជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរឧត្តមានុវត្តន៍ ជំរុញកិច្ចសហការ និងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលកាន់តែបៃតង និងធន់ជាងមុន។
ថ្លែងក្នុងពិធីបើកសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ថាមពលស្អាតលែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារ និងជាគន្លឹះដើម្បីទាញកំណើនក្នុងដំណាក់កាលថ្មីរបស់យើង – កំណើនដែលមិនកំណត់ត្រឹមតែបរិមាណថាមពលស្អាតដែលយើងផលិតបានប៉ុណ្ណោះទេ តែដោយការផលិត និងការប្រើប្រាស់ថាមពលស្អាតប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាព។”
ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ជាមួយនឹងគោលនយោបាយដែលមានប្រសិទ្ធិភាព កម្ពុជាអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពថាមពល កាត់បន្ថយចំណាយ និងទាក់ទាញការវិនិយោគប្រកបដោយទំនួលខុសត្រូវ។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការប្រើប្រាស់ថាមពលស្អាតនៅក្នុងរោងចក្រ និងខ្សែច្រវាក់ផលិតកម្ម ព្រមទាំងរួមបញ្ចូលថាមពលស្អាតទៅក្នុងគ្រប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីបង្កើនភាពធន់ និងកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការប្រែប្រួលថ្លៃប្រេងឥន្ធនៈ។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា បច្ចុប្បន្ន ម៉ាកយីហោសកលកំពុងផ្តោតការបញ្ជាទិញរបស់ខ្លួនពីក្រុមហ៊ុនផ្គត់ផ្គង់ដែលប្រើប្រាស់ថាមពលស្អាត និងអនុវត្តគោលការណ៍និរន្តរភាព។ ឯកឧត្តមបានរំលេចនូវគំនិតផ្តួចផ្តើមមួយចំនួននៅកម្ពុជា ដូចជាកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង កម្មវិធីរោងចក្របៃតងគំរូនៃគម្រោង SWITCH Garment និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង ជាឧទាហរណ៍នៃការអនុវត្តគោលការណ៍និរន្តរភាពសម្រាប់លើកកម្ពស់ផលិតភាព និងការពង្រីកទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន បន្តការវិនិយោគលើជំនាញ ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីធានាថា កម្ពុជាអភិវឌ្ឍកម្លាំងពលកម្មដែលត្រៀមលក្ខណៈរួចជាស្រេចសម្រាប់អនាគត ព្រមទាំងអាចចាប់យកឱកាសឧស្សាហកម្មថ្មីៗ ដែលភ្ជាប់ទៅនឹងថាមពលស្អាត៕ រក្សាសិទ្ធដោយ៖សុទ្ធលី







