ខេត្តកំពង់ចាម:”ក្នុងពេលខាងមុខអ្នកកំពង់ចាមចង់ទៅលេងនៅសៀមរាបអាចធ្វើដំណើរតាមផ្លូវទឹកបានដោយងាយស្រួល”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមប៉េង ពោធ៏នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនថ្លែងនៅក្នុងឱកាសអបអរសាទរពិធីបើកការដ្ឋានគម្រោងសាងសង់កំពង់ផែទេសចរណ៍កំពង់ចាមដែលគ្រោងចំណាយថវិកាប្រមាណ៣៤៨៦.០០០.០០០រៀល រយៈពេលពីរឆ្នាំ ដោយធ្វើឡើងនាព្រឹកថ្ងៃទី៣តុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។ ជាមួយនោះក៏មានវត្តមានឯកឧត្តមហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍រំលឹកថា: មានពេលមួយកប៉ាល់ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជាង៦០នាក់ ដោយបានបើកចេញមកពីប្រទេសវៀតណាមឡើងមកចរចតនៅមាត់ទន្លេក្រុងកំពង់ចាមគ្រាដែលជំងឺ covid 19 បានផ្ទុះឡើង។ក្នុងចំណោមភ្ញៀវទាំងនោះមានអាមេរិកកាំង អង់គ្លេស តែមានភ្ញៀវម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ19 ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ តម្រូវឲ្យនាំភ្ញៀវទាំងអស់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តហ្នឹងខ្លះទៀតធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ក្នុងចំណោមភ្ញៀវចម្រុះជាតិសាសន៍ទាំងនោះខ្លះដោយមានកិច្ចអន្តរាគមន៍ពីស្ថានទូតមួយចំនួនយកទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ រហូតបានជាសះស្បើយទាំងអស់មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ព្រមទាំងបានជិះយន្តហោះធ្វើដំណើរទៅកាន់ប្រទេសរបស់គេរៀងៗខ្លួន។ ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិមានអ្នកខ្លះជាកម្រិតសេដ្ឋីមានលុយសល់ច្រើនតាំងពីសម័យហុីត្លែ
ពួកគាត់បានធ្វើការងារស្ទើរពេញមួយជីវិត។ ដោយមើលឃើញកត្តាបែបនេះនៅក្នុងអាណត្តិទី២ នៃការដឹកនាំរបស់រូបលោកក៏បានពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សម្រេចបង្កើតផែទេសចរណ៍មួយនៅមាត់ទន្លេក្រុងកំពង់ចាម ដោយបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងដែនដីបន្ទាប់មកជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ ទើបមានការឯកភាពជាផ្លូវការក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតី ដោយអនុញ្ញាតឲ្យបង្កើតផែទេសចរណ៍នេះឡើង។ហើយការសាងសង់ផែដំបូលធ្វើរបៀបដូចលៀសហាលត្រូវកម្ដៅថ្ងៃហាមាត់ នៅលើនោះមានអគារពហុបំណង កន្លែងលក់វត្ថុអនុស្សាវរីយ៍ អាចទៅជាមហោស្រពក៏ថាបាន។កំពង់ផែតេជោរពហុបំណង ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងនៅខេត្តកំពង់ចាមកាន់តែច្រើនឡើង ជាមួយនោះរដ្ឋបាលខេត្តមានដីនៅសល់ដែលត្រូវពង្រីកសួនច្បារបន្ថែមទៀតរហូតទៅដល់ទីតាំងផ្លូវចុះប្រដឹសកោះប៉ែនមុខវត្តដីដុះ។ដោយមានរៀបចំកន្លែង food street ដូចនៅរាជធានីភ្នំពេញនិងសៀមរាប មានស្តង់លក់បន្លែត្រីសាច់ដើម្បីឲ្យភ្ញៀវទេសចរណ៍អន្តរជាតិឡើងពីរកប៉ាល់ទេសចរណ៍មកទិញយកទៅធ្វើម្ហូបទទួលទាន។រដ្ឋបាលខេត្តមានគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានក្នុងស្រុកកំពង់សៀម មានអាហារដ្ឋានទីធ្លាធំទូលាយហើយអាចឱ្យអ្នកដែលត្រូវរៀបការមកថតទុកជាអនុស្សាវរីយ៍ហើយគម្រោងទាំងនោះ ក្រោមការឧបត្ថម្ភពីសំណាក់ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។
ឯកឧត្តមប៉េង ពោធ៏នា រដ្ឋមន្ត្រីក្រសួងសាធារណការមានប្រសាសន៍ឲ្យដឹងដែរថា ចំពោះកំពង់ផែបណ្ដែតទឹកដែលត្រូវបើកការដ្ឋាននាឱកាសនេះគឺជាការយកចិត្តទុកដាក់ពីប្រមុខសម្ដេចបវរធិបតី ក្នុងនោះមានទាំងវិស័យផ្លូវទឹកមានទន្លេនិងសមុទ្រ ព្រមទាំងផ្លូវគោកទៀតផង។ ក្នុងពេលខាងមុខគ្រាដែលកំពង់ផែនេះស្ថាបនារួចរាល់ដូច្នេះគឺជាការតភ្ជាប់ជាមួយនឹងព្រែកជីកហ្វូណនតេជោ ហើយការស្ថាបនានេះមានលក្ខណៈអំណោយផលល្អ ដោយមិនមានប៉ះពាល់លំនៅឋានរបស់ពលរដ្ឋណាម្នាក់។ សម្រាប់គោលការណ៍របស់ក្រសួងផ្លូវទឹកត្រូវបានស្ដារពីរាជធានីភ្នំពេញមកកាន់ខេត្តកំពង់ចាមធ្វើយ៉ាងណាឲ្យទឹកទន្លេជម្រៅ៤ទៅ ៥ម៉ែត្រ ដើម្បីឲ្យកប៉ាល់ដឹកភ្ញៀវទេសចរណ៍អន្តរជាតិអាចផ្ទុកមនុស្សបានក្នុងរង្វង់៣០០ទៅ៤០០នាក់បើកចេញចូលបានដោយងាយស្រួល។ តាមផែនការកំពង់ផែទេសចរណ៍អបណ្ដែតទឹកនេះត្រូវចំណាយពេលពីរឆ្នាំនិងកសាងរួចរាល់ គ្រានោះហើយដែលធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែប្រសើរព្រោះថាបើដឹកតាមផ្លូវទឹកចំណេញ៥ ដងជាងផ្លូវគោកនិង៣ដងជាងដឹកតាមផ្លូវដែក៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី






















