ភ្នំពេញ ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍវិស័យមីន (TWG-MA) ក្រោមប្រធានបទ “កិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ពីមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម”។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន វិស័យឯកជន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងនូវការអរគុណ និងកោតសរសើរជូនចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត ដែលបានយកចិត្តទុកដាក់ និងរួមចំណែកប្រកបដោយទឹកចិត្តសប្បុរស ក្នុងបុព្វហេតុមនុស្សធម៌ចូលរួមដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា អស់រយៈពេល ៣៣ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២។ ផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៣៤០០ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៤,៤ លានគ្រាប់ ត្រូវបានរកឃើញនិងកម្ទេចចោល ហើយចំនួនអ្នកស្លាប់និងរបួស ត្រូវបានកាត់បន្ថយនៅក្រោម ១០០នាក់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវប្រទេសកម្ពុជាគ្មានមីន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការបន្តគាំទ្រក្នុងគោលដៅរួមគ្នាពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ នឹងនាំឱ្យកម្ពុជាខិតកាន់តែជិតដល់គោលដៅអនាគតកម្ពុជាមួយគ្មានផលប៉ះពាល់ពីមីននិងសំណល់ជាតិផ្ទុះ ពីសង្រ្គាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្គាល់ចំពោះការផ្សារភ្ជាប់កិច្ចការបោសសម្អាតមីន ជាមួយនឹងការរីកចម្រើននៃវិស័យកសិកម្មនៅកម្ពុជា ក្នុងនោះគិតចាប់ពីឆ្នាំ២០១៨ ផ្ទៃដីប្រមាណជាង ៦៥ ភាគរយ ត្រូវបានយកមកប្រើប្រាស់សម្រាប់ការបង្កបង្កើនផល។ ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់ដីប្រកបដោយសុវត្ថិភាពដើម្បីកសាងនូវសេដ្ឋកិច្ចសហគមន៍ លើកកម្ពស់ជីវិភាពរស់នៅ គាំទ្រដល់សន្តិសុខស្បៀង បង្កើនភាពធន់ និងវឌ្ឍនភាពកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នា នឹងប្រែក្លាយវាលស្រែដែលរងការគំរាមដោយសារមីន ទៅជាវាលស្រែដែលអាចចិញ្ចឹមប្រជាជនកម្ពុជាបានយ៉ាងច្រើន និងពង្រឹងដល់អនាគតជាតិកម្ពុជា។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចការសកម្មភាពមីននៅកម្ពុជា និងបានក្លាយជាប្រទេសឈានមុខ និងគំរូសម្រាប់វិស័យសកម្មភាពទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងបានក្លាយរដ្ឋភាគីសកម្មនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងការគាំទ្រដល់ការអនុវត្តគោលការណ៍មនុស្សធម៌ និងកាតព្វកិច្ចនៃអនុសញ្ញា។
ពាក់ព័ន្ធនឹងបញ្ហាមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់សាជាថ្មីអំពីគោលជំហរមិនផ្លាស់ប្តូររបស់កម្ពុជា ថា “កម្ពុជា មិនមាន និងមិនដាក់មីនប្រឆាំងមនុស្សថ្មីនោះទេ” ហើយ ឯកឧត្តម លី ធុជ បានសម្តែងនូវការសោកស្តាយចំពោះភាពតាងតឹងថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការចោទប្រកាន់ខុសមកលើកម្ពុជាដោយគ្មានមូលដ្ឋានទាក់ទងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគោលការណ៍មនុស្សធម៌នៃអនុសញ្ញាអូតាវ៉ា និងការបោសសម្អាតមីននៅតំបន់ស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា។ រក្សាសិទ្ធដោយ៖សុទ្ធលី









