Friday, October 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកម្ពុជា គ្រោងបញ្ជូនជនជាតិកូរ៉េចំនួន ៥៩នាក់ ដែលទទួលបានការជួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា ឬ ត្រូវបានឃាត់ខ្លួនដោយបទល្មើសផ្សេងៗ ត្រឡប់ទៅមាតុភូមិវិញ

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជាតិ និង អន្ដរជាតិជ្រាបថា ថ្មីៗនេះបណ្តាញសារព័ត៌មានរបស់សាធារណរដ្ឋកូរ៉េ និងសារព័ត៌មានបរទេសមួយចំនួនផ្សេងទៀតបានយកទៅផ្សព្វផ្សាយបន្ត ដោយចាប់ផ្តើមពីករណីឃាតកម្មលើយុវជនកូរ៉េ អាយុ ២២ឆ្នាំ និង បន្តភ្ជាប់ទៅចំនួនករណីពលរដ្ឋកូរ៉េបាត់ខ្លួននៅកម្ពុជាដែលមិនត្រឹមត្រូវ បង្កជាការភ័ន្តច្រឡំអំពីរឿងហេតុ និងអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនគរបាលនៃប្រទេសទាំងពីរ ជាពិសេសចំពោះការ លើកឡើងពីលោក Yoo Jaesung អគ្គស្នងការនគរបាលស្ដីទី និងក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Korea Times នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ចំពោះការលើកឡើងដោយ The Korea Times ដែលមានខ្លឹមសារថា “ក្នុងឆ្នាំ២០២៥ គិតត្រឹមខែសីហា មានជនជាតិកូរ៉េប្រមាណ ៨០នាក់ កំពុងបាត់ខ្លួនក្នុងប្រទេសកម្ពុជា” និង “មានបណ្ដឹងចំនួន ៣៣០ករណី ត្រូវបានប្ដឹងតាមរយៈស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ដោយរាប់បញ្ចូលទាំងបណ្ដឹងផ្ទាល់ខ្លួន និងក្រុមគ្រួសារ” ប៉ុន្តែជាក់ស្ដែងក្នុងឆ្នាំ២០២៥ នេះ សមត្ថកិច្ចកម្ពុជាបានទទួលសំណើសុំព័ត៌មានដោយផ្ទាល់ ពីស្ថានទូត លើករណីជនជាតិកូរ៉េបាត់ខ្លួនសរុបចំនួន ១១៨នាក់ (ស្រី ០៣នាក់) ដែលក្នុងនោះមាន ៤០នាក់ ត្រូវបានរកឃើញបានចាកចេញពីកម្ពុជា និង ០២នាក់ ពុំមានក្នុងទិន្នន័យដំណើរចេញ-ចូលកម្ពុជានោះទេ។ ចំពោះ ៧៦នាក់ ដែលពុំទាន់មានទិន្នន័យធ្វើដំណើរចេញពីប្រទេសកម្ពុជានោះ កំពុងស្ថិតក្រោមការស្រាវជ្រាវស្វែងរករបស់សមត្ថកិច្ចកម្ពុជាយ៉ាងយកចិត្តទុកដាក់។

ដោយឡែកក្នុងឆ្នាំ២០២៥ នេះ សមត្ថកិច្ចកម្ពុជាក៏ទទួលបានសំណើសុំអន្តរាគមន៍ជួយពលរដ្ឋកូរ៉េចំនួន ៥២សំណើ ស្មើនឹង ៦០នាក់ (ស្រី ០៩នាក់) តាមរយៈស្ថានទូត សាមីខ្លួន និងក្រុមគ្រួសារ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញចំនួន ៣៥សំណើ ស្មើនឹង ៤០នាក់ (ស្រី ០៤នាក់) និងរកពុំឃើញ ចំនួន ០៣សំណើ ស្មើនឹង ០៥នាក់។ ចំពោះសំណើសេសសល់ សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុង បន្តស្រាវជ្រាវ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ គ្រោងបញ្ជូនជនជាតិកូរ៉េចំនួន ៥៩នាក់ (ស្រី ០៤នាក់) ដែលទទួលបានការជួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា ឬ ត្រូវបានឃាត់ខ្លួនដោយបទល្មើសផ្សេងៗ ត្រឡប់ទៅមាតុភូមិវិញ ក្រោមកិច្ចសហការល្អពីស្ថានទូតកូរ៉ប្រចាំកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×