ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអបអរសាទរ ” ទិវាមហារីកសុដន់ស្ត្រី “ នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទី។
ដើម្បីឱ្យព្រឹត្តិការណ៍ទិវារត់ប្រណាំងខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមាន
សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នដែលធ្វើដំណើរតាម តម្រាយផ្លូវរត់ប្រណាំងចាប់ពីសួនច្បារមុខវត្តបទុមវតី តាមមហាវិថីសម្តេចសុធារស បត់ឆ្វេងតាមផ្លូវលេខ២៤០ បត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅរង្វង់មូលវត្តភ្នំ បន្តតាមផ្លូវលេខ៤៧ ឆ្ពោះទៅរង្វង់មូលកួចកាណុង បត់ស្តាំតាមផ្លូវជាតិលេខ៥ បត់ស្តាំតាមតិរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត បន្តមកវិថីរដ្ឋសភា រួចបត់ស្តាំតាមស្ថានទូតរុស្ស៊ី បត់ស្តាំមកមហាវិថីសម្តេចសុធារស រហូតដល់ទីផ្តាច់ព្រ័ត្រ នៅសួនច្បារមុខវត្តបទុមវតីវិញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវរត់ប្រណាំង ខាងលើមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ទិវារត់ប្រណាំងខាងលើ អាជ្ញាធរមានសមត្ថកិច្ច នឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌចំការមន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើ ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



