Monday, October 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រត់ការចូលក្របខ័ណ្ឌ ឆបោកប្រាក់ប្រហែល ១០ម៉ឺនដុល្លារ !ល្បីថា លោក ឱ វាសនា មន្រ្តីនគរបាលស័ក្ដិ៥ អាងខ្នងក្រាស់នៅក្រសួងមហាផ្ទៃ គ្មានអ្នកណាហ៊ានប៉ះ ឥឡូវនេះ តំណាងអយ្យការបញ្ជាឱ្យចូលខ្លួនហើយ ខណៈខ្នងនៅក្រសួងមហាផ្ទៃបដិសេធមិនពាក់ព័ន្ធ ចាំមើល៎ជើងខ្លាំងឆបោកម្នាក់នេះគេចផុតពីសំណាញ់ច្បាប់ទេ ?!

ភ្នំពេញ ៖ លោក ឱ វាសនា មន្រ្តីនគរបាលស័ក្ដិ៥ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងករណីឆបោកប្រជាពលរដ្ឋក្នុងទំហំទឹកប្រាក់ប្រហែល ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការធានារត់ការចូលក្របខ័ណ្ឌនគរបាលជាតិ, នេះបើតាមពាក្យបណ្ដឹងជនរងគ្រោះ ឈ្មោះ ភាង ភានិត ភេទប្រុស ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលបានប្ដឹងចោទពីបទ ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងងប្រើប្រាស់ឯកសារសាធារណៈក្លែង  ហើយត្រូវបានតំណាងអយ្យការ ចេញដីកាបញ្ជាឲ្យចូលខ្លួន មុនថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលាដំបូងរាជធានីភ្នំពេញ ខាងមុខឆាប់ៗនេះ។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង លោក ស៊ូ សុជាតា បានឱ្យដឹងថា ករណី លោក ឱ វាសនា ហៅ កិ ជាមន្ត្រីប៉ូលិស័ក្ដិ ៥ នេះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ២៨០២ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាឲ្យ លោក ឱ វាសនា ហៅ កិ ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដើម្បីសាកសួរលើបណ្ដឹងចោទករណី ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងងប្រើប្រាស់ឯកសារសាធារណៈក្លែង។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីទទួលបានប្រាក់ជាបន្តបន្ទាប់ច្រើនសន្ធឹកសន្ធាប់ ប្រហែលជិត ១០ម៉ឺនដុល្លារហើយ លោក ឱ វាសនា ហៅ កិ មិនបានបំពេញភារកិច្ចដូចដែលបានធ្វើកិច្ចសន្យានោះទេ គឺធានារត់ការមនុស្សចូលក្របខ័ណ្ឌនគរបាទជាតិ, ពេលនោះ ក្រុមគ្រួសារជនរងគ្រោះបានព្យាយាមគ្រប់វិធី ដើម្បីស្វែងរកការសម្របសម្រួល ទទួលបានប្រាក់មកវិញ ប៉ុន្តែមិនទទួលបានលទ្ធផលជាវិជ្ជមាននោះទេ។

បើតាមប្រភពបានឱ្យដឹងថា បើទោះបីតំណាងអយ្យការ ចេញដីកាបង្គាប់ឲ្យនាំខ្លួន លោកស័ក្តិ ៥ ឱ វាសនា យ៉ាងណាក៏ដោយ គ្មានសមត្ថកិច្ចណាហ៊ានប៉ះទេ ទុកឱ្យជនជាប់ពិរុទ្ធរូបនេះ ធ្វើដំណើរដោយសេរីដូចគ្មានអ្វីកេីតឡេីង ហើយរឹតតែមិនគិតគូរផ្ដល់សំណងសងប្រាក់ទៅជនរងគ្រោះវិញឡើយ។

តាមប្រភពថា លោក ឱ វាសនា មានអំណាចឥទ្ធិពលខ្លាំងដោយសារមានមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ជាអ្នកការពារ, តែមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនោះបានចេញមុខមកបញ្ជាក់ហើយថា លោកមិនបានកាង ឬការពារ លោក ឱ វាសនា ហៅ កិ ទេ , លោកមន្ត្រីនោះប្រាប់ថា រូបលោកគ្មានអ្វីជាប់ពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសស័ក្ដិ ៥ ឱ វាសនា ហៅ កិ ឡើយ ទុកឱ្យច្បាប់ចាត់ការ និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទៅចុះ?!

មហាជនរង់ចាំមើលថា ពាក្យបណ្ដឹង និងសំណុំរឿង លោក ឱ វាសនា ហៅ កិ ត្រូវបានតុលាការចាត់ការទៅហើយនោះ ចាំមើល៎ ឱ វាសនា ហៅ កិ រួចខ្លួនទៀត ឬយ៉ាងណា ?! បើលោកម្នាក់នេះ រួចខ្លួនមែននោះ ជនរងគ្រោះជាច្រើនទៀត នឹងត្រូវចាញ់ល្បិច ឆបោករបស់មន្ត្រីប៉ូលិស ស័ក្ដិ ៥ នេះ ច្រើននាក់ទៀត៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×